ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨៖០០ព្រឹក នៅសាលប្រជុំD អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និង អង្គការសង្គមស៊ីវិល សរុបចំនួន២០៤នាក់។
នៅក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណក្រសួង ស្ថាប័ន រាជធានី ខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញ និងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងគោលបំណងធានាបាននូវភាពជាម្ចាស់ក្នុងការរៀបចំយន្តការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំផែនការយុទ្ធសាស្ត្រ និងសម្របសម្រួលការអនុវត្តផែនការសកម្មភាព រួមនឹងការតាមដាន វាយតម្លៃការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ ដោយផ្តោតលើគោលដៅ៩៥-៩៥-៩៥ជាចម្បង។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា យើងបាននិងកំពុងកសាងបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ដោយការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។
នៅក្នុងដំណើរការ កិច្ចប្រជុំបានស្តាប់បទបង្ហាញស្តីពីសេចក្តីព្រាងវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គ លើកទី១ ឆ្នាំ២០២៤ ដោយឯកឧត្តមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បទបង្ហាញស្តីពីការសម្របសម្រួលផ្តល់កញ្ចប់សេវាសង្គមសម្រាប់ប្រជាជនគន្លឹះ ដើម្បីរួមចំណែកឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយតំណាងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងក្រសួងផែនការ ព្រមទាំងបានពិនិត្យនិងពិភាក្សាលើសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គ លើកទី២ ឆ្នាំ២០២៤ផងដែរ។
បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ បានដាក់ចេញនូវសេចក្តីសម្រេចចិត្តដូចខាងក្រោម៖
១- ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍ សម្រាប់ឆ្នាំ២០២៣២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
២- ទីស្តីការគណៈរដ្ឋមន្ត្រី និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សម្របសម្រួលការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣២០២៨ ឱ្យមានប្រសិទ្ធភាពខ្ពស់។
៣- ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបង្កើនការយល់ដឹងពីហានិភ័យនៃមេរោគអេដស៍ដល់ប្រជាជនទូទៅ តាមវិស័យរៀងៗខ្លួន និងដើម្បីប្រកាន់ខ្ជាប់នូវវិធានការបង្ការការឆ្លងរាលដាលមេរោគអេដស៍ ជាពិសេសក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន។
៤- គណៈកម្មាធិការប្រយុទ្ធនឹងអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវខិតខំស្វែងរកអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ប្រមាណជិត៧០០០នាក់ដែលមិនទាន់ដឹងពីស្ថានភាពមេរោគអេដស៍ និងទាក់ទាញពួកគេឱ្យមកធ្វើតេស្តរកមេរោគអេដស៍។
៥- ក្រសួងសុខាភិបាលបន្ត៖
កាត់បន្ថយការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ឱ្យធ្លាក់ចុះដល់កម្រិតតិងជាង៥% ដើម្បីសម្រេចបានគោលដៅលុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
ជំរុញបញ្ចូលសេវាថែទាំជំងឺអេដស៍ ទៅក្នុងប្រព័ន្ធសុខាភិបាលទាំងស្រុង រួមមានការបង្កើនចំនួនទីតាំងធ្វើតេស្ត និងធានាបានការព្យាបាលដល់គ្រប់អ្នកមានលទ្ធផលវិជ្ជមានមេរោគអេដស៍។
ជំរុញមូលដ្ឋានសុខាភិបាលឯកជន ឱ្យផ្តល់របាយការណ៍ស្តីពីការធ្វើតេស្ត និងព្យាបាលជំងឺអេដស៍ ដើម្បីដាក់បញ្ចូលព័ត៌មានក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងសុខាភិបាល។
៦- ចំពោះអ្នកផ្ទុកមេរោគអេដស៍ដែលជាអនីតិជន ក្រសួងសុខាភិបាលត្រូវបង្កើនសេវាថែទាំ និងព្យាបាលជំងឺអេដស៍ដល់កុមារផ្ទុកមេរោគអេដស៍ ដោយយកផលប្រយោជន៍របស់ពួកគេជាមូលដ្ឋាន។ ក្នុងករណីមានការព្រមព្រៀងពីអនីតិជន ហើយការធ្វើតេស្តរកមេរោគ អេដស៍ផ្តល់អត្ថប្រយោជន៍ផ្ទាល់ចំពោះអនីតិជន ក្រសួងសុខាភិបាលត្រូវណែនាំឱ្យអ្នកផ្តល់សេវាធ្វើតេស្តនោះធ្វើបានដោយពុំចាំបាច់មានការយល់ព្រមពីអាណាព្យាបាលឡើយ។
៧- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត ប្រើប្រាស់កញ្ចប់ថវិកាជាតិសម្រាប់ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត និងថវិកាដទៃទៀតក្នុង៖
ការបង្កើត ឬធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ គ្រប់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយមានបញ្ចូលតំណាងអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ ក្នុងករណីចាំបាច់ ឱ្យបានត្រឹមត្រីមាសទីមួយ ឆ្នាំ២០២៥។
សម្របសម្រួលអន្តរាគមន៍បង្ការ ពង្រឹងកម្មវិធីស្រោមនាម័យ១០០% ការផ្តល់សេវាមេត្រីនៃគ្លីនិកសុខភាពគ្រួសារ បរិយាកាសគាំទ្រ និងការធ្វើតេស្តរកមេរោគអេដស៍ ផ្តោតលើប្រជាជនដែលមានហានិភ័យខ្ពស់ ជាអាទិ៍ក្រុមយុវវ័យបុរសរួមភេទជាមួយបុរស។
ធ្វើឱ្យសម្រេចការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមប្រជាជនគន្លឹះឱ្យបាន៥០% នៅដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ដោយសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរទេសចរណ៍ បេឡាជាតិសន្តិសុខសង្គម សាខាខេត្ត ខណ្ឌ និងអាជ្ញាធរមានសមត្ថកិច្ច។
បង្កើនសមត្ថភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង ស្រុក ខណ្ឌ ឱ្យបានយល់ដឹង និងអនុវត្តគោលការណ៍បង្ការជាក់លាក់ (ចំប្រជាជនគោលដៅ ចំទីតាំងចំពេលវេលា ប្រើអន្តរាគមន៍សមស្រប ប្រើប្រាស់ទិន្នន័យ និងប្រើធនធានវៃឆ្លាត) ដើម្បីរៀបចំផែនការសកម្មភាព និងវិភាជថវិកា។
៨- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវរៀបចំបង្កើតក្រុមការងារធានាចីរភាពដែលមានសមាសភាពពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០២៣-២០២៩។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោងដប់ពីរនិងម្ភៃប្រាំនាទី ប្រកបដោយលទ្ធផលជាផ្លែផ្កា។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជូនពរដល់សមាជិកអង្គប្រជុំ ឱ្យប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕