ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូផ្សារមូលបត្រកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តម Jeong Eun Bo ប្រធានអគ្គនាយកនៃផ្សារមូលបត្រកូរ៉េ
នាព្រឹកថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូផ្សារមូលបត្រកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តម Jeong Eun Bo ប្រធានអគ្គនាយកនៃផ្សារមូលបត្រកូរ៉េ ។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍គណៈប្រតិភូផ្សារមូលបត្រកូរ៉េ ដែលបានមកជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាពិសេស សិក្សាស្វែងយល់អំពីលទ្ធភាពក្នុងការពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការរវាងផ្សារមូលបត្រទាំង ២ (ផ្សារមូលបត្រកម្ពុជា និង ផ្សារមូលបត្រកូរ៉េ) ។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូផ្សារមូលបត្រកូរ៉េ អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាកាលានុវត្តភាពសម្រាប់វិនិយោគិន ក្នុងស្រុក និង បរទេស ជាពិសេស ការលើកទឹកចិត្តពន្ធដារ និង ការលើកទឹកចិត្តផ្សេងៗ ក្នុងវិស័យមូលបត្រ ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារៈសំខាន់នៃភាពជាដៃគូយូរអង្វែងក្នុងផ្សារមូលបត្រកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ ។
ឯកឧត្តម Jeong Eun Bo បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានទទួលជួបគណៈប្រតិភូផ្សារមូលបត្រកូរ៉េដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិនិត្យពិភាក្សាអំពីលទ្ធភាពក្នុងការពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការរវាងផ្សារមូលបត្រទាំង ២ ឱ្យកាន់តែឈានឡើងខ្ពស់មួយកម្រិតទៀត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ក្លាយជាប្រទេសមានខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលមុំទី ៥ នៃកោណទី ២ ផ្តោតសំខាន់លើការអភិវឌ្ឍយន្តការ កៀគរទុន និង ផលិតផលហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការបណ្តាក់ទុន ។
ក្នុងន័យនេះ, កិច្ចសហប្រតិបត្តិការ និង ការវិនិយោគពីបរទេស ក្នុងវិស័យមូលបត្រ ជាពិសេស ការអភិវឌ្ឍ និង ធ្វើទំនើបកម្មវប្រព័ន្ធព័ត៌មានវិទ្យា ពិតជាមានភាពចាំបាច់ណាស់ ក្នុងការពន្លឿនការងារអភិវឌ្ឍឧបករណ៍ជួញដូរ ក៏ដូចជាយន្តការជួញដូរថ្មីៗ ដែលនឹងផ្តល់ភាពទាក់ទាញបន្ថែមទៀត ចំពោះវិនិយោគិនក្នុងស្រុក និង បរទេស សំដៅបង្កើនសន្ទនីយភាព, ទំហំជួញដូរមូលបត្រ និង ចំនួនក្រុមហ៊ុនចុះបញ្ជី ក្នុងទិសដៅអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន, ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ២៧ ដែលរួមមាន ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន១១ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ១៦ ព្រមទាំង ការចុះបញ្ជីព័ត៌មានមូលបត្ររដ្ឋ, ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ ប្រមាណ ២០ ម៉ឺនដុល្លារក្នុងមួយថ្ងៃ, និង ចំនួនគណនីជួញដូរ ជិត ៦ ម៉ឺនគណនី ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យផ្សារមូលបត្រកូរ៉េ ផ្តល់អាទិភាពខ្ពស់លើការសិក្សាលទ្ធភាពក្នុងការពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ រវាងផ្សារមូលបត្រទាំង ២ ព្រមទាំងជំរុញឱ្យផ្សារមូលបត្រកូរ៉េជួយទាក់ទាញវិនិយោគិន និង ក្រុមហ៊ុនកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្នុងវិស័យមូលបត្រ វិស័យឧស្សាហកម្ម និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។
ឯកឧត្តម Jeong Eun Bo បានបញ្ជាក់អំពីគោលជំហរបស់ផ្សារមូលបត្រកូរ៉េ ក្នុងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងផ្សារមូលបត្រទាំង ២ ឱ្យកាន់តែឈានឡើងខ្ពស់មួយកម្រិតទៀត ជាពិសេស ឆន្ទៈបស់ផ្សារមូលបត្រកូរ៉េ ក្នុងការចូលរួមអភិវឌ្ឍ និង ធ្វើទំនើបកម្មវប្រព័ន្ធព័ត៌មានវិទ្យារបស់ផ្សារមូលបត្រកម្ពុជា ។ ជាមួយគ្នានេះ, ឯកឧត្តម បានសន្យានឹងជួយទាក់ទាញវិនិយោគិន និង ក្រុមហ៊ុនកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលមានបរិយាកាសវិនិយោគ ប្រកបដោយអំណោយផល និង ភាពទាក់ទាញសម្រាប់វិនិយោគិន ជាពិសេស វិនិយោគិនបរទេស ៕