ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ចុះពិនិត្យគម្រោងដែលបានទទួលបានការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង រដ្ឋបាល ខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យគម្រោងដែលបានទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ នៅទីតាំងចំនួន ៣ រួមមាន : គម្រោងសណ្ឋាគារផ្កាយ ៥ និង អគារពាណិជ្ជកម្ម (Peninsula Integrated Resort) របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ, គម្រោង រោងចក្រផលិតដែករបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ និង គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងបន្ទះសូឡា និង គ្រឿងបង្គុំ របស់ ក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) CO., LTD ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ។
គម្រោង ទាំង ៣ ខាងលើ ជាគម្រោងវិនិយោគលើវិស័យទេសចរណ៍ និង ឧស្សាហកម្ម ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ១ ០៤០ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ៥ ៧៥៥ កន្លែង និង ជាវិស័យ អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការស្វែងយល់បញ្ហាប្រឈមរបស់វិនិយោគិន គឺជាភារកិច្ចសំខាន់របស់ក្រុមការងារ ដើម្បីស្វែងរកដំណោះស្រាយ និង ការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និង បង្កើតបរិយាកាសវិនិយោគល្អប្រសើរ ។ ក្រុមការងារបាន និង កំពុងអនុវត្តភារកិច្ចនេះ ដោយមានការចូលរួមពីក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ដែលតែងផ្តល់អាទិភាពខ្ពស់លើការងារ ។
ជាមួយនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិនផ្តល់កិច្ចសហការក្នុងការផ្តល់ព័ត៌មាន មតិ ឬ សំណូមពរផ្សេងៗ តាមការជាក់ស្តែង ដើម្បីក្រុមការងារស្វែងយល់ និង ស្វែងរកដំណោះស្រាយ និង ការសម្របសម្រួលផ្សេងៗ៕