ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Dongguo Li ប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI BEIBU GULF BANK ( BBG) នៅទីស្នាក់ការកណ្តាល ប្រចាំទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Dongguo Li ប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI BEIBU GULF BANK ( BBG) នៅទីស្នាក់ការកណ្តាល ប្រចាំទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី
ណាននីង, ចិន ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំ សន្និសិទ អាស៊ាន-ចិន លើកទី ២១ លើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍ , ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dongguo Li លេខាធិការគណៈកម្មាធិការរបស់គណបក្ស និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI BEIBU GULF BANK ( BBG) នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ដោយមានការចូលរួមពី លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជា ប្រចាំតំបន់ស្វយ័ត ខេត្តក្វាងស៊ី និងសហការី។
ក្នុងឱកាសជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ ដល់ភាគី ធនាគារ BBG ដែលបានបំពេញការងារយ៉ាងល្អក្នុងនាមជាធនាគារដៃគូ ទូទាត់ប្រាក់ ឆ្លងប្រទេស( ប្រចាំប្រទេសចិន) ជាមួយ ធនាគារ ARDB ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសំណូមពរ អោយ ធនាគារ BBG បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេសជូនដល់អតិថិជនរបស់ ធនាគារ ARDB និង គាំទ្រដល់កិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង របស់ ធនាគារទាំងពីរ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិត ស្នើសុំអោយ មានកម្មវិធី ផ្តាស់ប្តូរ បុគ្គលិករវាងធនាគារទាំងពីរដើម្បីសិក្សា និងស្វែងយល់ អំពីបទពិសោធន៍រវាងគ្នាទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតក្រុមការងាររួមដើម្បីសិក្សាអំពីកិច្ចសហប្រតិបត្តិលើផលិតផលថ្មីៗបន្ថែមទៀតរបស់ធនាគារ ARDB និង BBG នៅថ្ងៃអនាគត។
ជាការឆ្លើយតប, លោក Dongguo Li ប្រធានក្រុមប្រឹក្សាភិបាលធនាគារ BBG បានបង្ហាញការគាំទ្រ ចំពោះអ្វីដែល ភាគីខាង ARDB បានលើកឡើង ហើយ លោក ក៏បានបង្ហាញ នូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញអោយមានប្រសិទ្ធភាពការងារអោយកាន់តែប្រសើរឡើងថែមទៀត។
បន្ថែមពីនេះ លោក Dongguo Li ក៏បានបង្ហាញនូវការតាំងចិត្តថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ធនាគារ ARDB នៅកម្ពុជា អោយកាន់តែប្រសើរឡើង និងគាំទ្រ លើគំនិតផ្តួចផ្តើមបង្កើតក្រុមការងាររួមគ្នា សំដៅអាចឱ្យការសិក្សាគម្រោង បង្កើតផលិតផលថ្មីៗនានា របស់ធនាគារទាំងពីរ ផងដែរ។
សូមបញ្ជាក់ថា ធនាគារ GUANGXI BEIBU GULF BANK ( BBG) គឺជាធនាគារអន្តរការី ( Correspondent Bank) ដែលកំពុងធ្វើកិច្ចសហប្រតិបត្តិផ្ទេរ និងទូទាត់ប្រាក់យ័ន ប្រចាំប្រទេសចិន ជាមួយ ធនាគារ ARDB ៕