ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកធនាគារ ARDB នៅខេត្តសៀមរាប
ខេត្តសៀមរាប÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍បិទកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិក នៅសណ្ឋាគារបុរីអង្គរខេត្តសៀម។
ក្នុងឱកាសបិទកម្មវិធីល្ងាចនេះផងដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបានមានប្រសាសន៍វាយតម្លៃខ្ពស់នូវលទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤ និងបានដាក់ទិសដៅការងារត្រូវអនុវត្តបន្តនៅឆ្នាំបន្ទាប់ ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារ ហើយបានណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីសម្រេចបាននូវលទ្ធផលការងារល្អបន្ថែមទៀត ដើម្បីឆ្ពោះទៅក្លាយជាធនាគារឈានមុខគេនៅកម្ពុជា។
បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បុគ្គលិកឱ្យពង្រឹងលើការកសាងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ពិសេស ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងមានឥរិយាបថបុរេសកម្ម ដើម្បីឆ្លើយតបទៅតាមផែនទីបង្ហាញផ្លូវរបស់ធនាគារ ARDB ៕