ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ចំនួន២ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

សៀមរាប: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនសហគមន៍ ដាំដុះបន្លែផ្ទះសំណាញ់នៅសហគមន៍ចំនួន២ កន្លែងស្ថិតក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។

នៅក្នុងការអញ្ជើញចុះសំណេះសំណាលនិងពិនិត្យមើលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើគឺ ទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញ៉ាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើនិងផ្សារចាស់ក្នុងខេត្តសៀមរាប។

ក្រោយជួបជាមួយនិងសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំង សហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាបដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី ២៧ហិចតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន ៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញ៉ាញ់ និងស្ពៃជើងទាផងដែរ។

ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែ សុវត្ថិភាពនឹងបានផ្តាំផ្ញើដល់បងប្អូនសហគមន៍ខាងលើ ដែលទទួលបានឥណទានពីធនាគារARDB ត្រូវពិនិត្យមើលលទ្ធភាពបន្ថែមដូចជា រៀបចំកន្លែង លាងសម្អាតបន្លែនិងអនាម័យ ដើម្បីធានាសុវត្ថិភាព គុណភាព មុនដឹកជញ្ជូនទៅតាមគោលដៅនៃទីផ្សារនីមួយៗផងដែរ។

ទន្ទឹមនោះ នៅរសៀលថ្ងៃដដែលឯកឧត្តមបណ្ឌិត ប្រតិភូក៏បានអញ្ជើញចុះពិនិត្យមើលចំការឬស្សី មួយកន្លែងទៀតដែលវិនិយោគដោយពាណិជ្ជករក្នុងស្រុក គឺស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានទំហំដីលាតសន្ធឹងប្រមាណ ១០០ហិចតាស្មើនិងដើមឬស្សីចំនួន ១០ម៉ឺនគុម្ភ ។

សម្រាប់ម្ចាស់ ចំការឬស្សីខាងលើនេះ គឺមានផែនការរួចជាស្រេច ក្នុងការផលិតនិង កែច្នៃដើមឬស្សីរបស់ខ្លួន ទៅជាចង្កឹះនិងវត្ថុប្រើប្រាស់ផ្សេងៗទៀត ដើម្បីបំពេញដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលខ្វះខាត ជាក់ស្តែង និងបង្កើតការងារនៅមូលដ្ឋានបន្ថែមទៀត។

ចុងក្រោយនៃការជួបសួរសុខទុក្ខនិងសំណេះសំណាល របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅរសៀលនេះក៏បានអញ្ជើញពិនិត្យ ផលិតកម្មនៃការដាំដុះផ្តឹតត្រចៀកកណ្តុរ និងផ្តឹតអយស្ទ័ររបស់ក្រុមហ៊ុន ពិជ័យ១៧ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

បច្ចុប្បន្ននេះក្រុមហ៊ុន ពិជ័យ១៧ ឯ.ក គឺជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលដាំដុះផ្សឹតជាច្រើនប្រភេទ ក្នុងនោះមានផ្សឹតក្រៀម កែច្នៃរួច និងផ្សឹតស្រស់ៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងទទួលបានការគាំទ្រពីអតិថិជននិងអ្នកបរិភោគជាច្រើន៕