ឯកឧត្តមបណ្ឌិត ខាន់ ខុន អញ្ជើញចុះសម្ពោធដាក់ឱ្យប្រប្រាស់នូវអណ្ដូងទឹកស្អាតចំនួន៨ ក្នុងខេត្តកំពង់ចាម

ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងសម្ពោធដាក់ឱ្យប្រើប្រាស់អណ្ដូងទឹកអាហ្វ្រ៊ីដេស ចំនួន ០៨ អណ្តូង ស្ថិតនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងនាមជាតំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធាន សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បាននាំយកមតិផ្តាំផ្ញើ ក្តីស្រលាញ់ និងការសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្ដូងទឹកអាហ្វ្រ៊ីដេសនោះ ។

ឯកឧត្តមបណ្ឌិត ខាន់ ខុន ក៏បានមានប្រសាសន៍សរសើរអំពីសមទ្ធិផលនានា ដែលសម្រេចបានតាមរយៈក្រសួងធម្មការនិងសាសនា ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏វៃឆ្លាត ប៉ិនប្រសព្វ និងរហ័សរហួន របស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឱ្យប្រជាពលរដ្ឋ បានដឹងផងដែរ ។

ចំពោះការផ្តល់ជូននូវអណ្តូងទឹកស្អាតអាហ្វ្រ៊ីដេស ដល់ប្រជាពលរដ្ឋ ទាំងចំនួន ៨អណ្តូងនោះ ឯកឧត្តមបណ្ឌិត ខាន់ ខុន បានលើកឡើងបែបនេះថា “ការផ្ដល់ជូននូវអណ្ដូង គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ដែលមិនទាន់មានប្រព័ន្ធទឹកស្អាត និងខ្វះខាតទឹកប្រើប្រាស់ជាប្រចាំថ្ងៃ ជាពិសេស គឺនៅរដូវប្រាំង ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា៖ “វាគឺជាការយកចិត្តទុកដាក់ដ៏ធំមួយ របស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព រួមជាមួយនឹង ក្រុមជំនុំបេសកកម្មដំណឹងល្អ ក្នុងគោលបំណងរួមចំណែកជាមួយរាជ រដ្ឋាភិបាលកម្ពុជា ជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលមានជីវភាពពុំសូវធូរធារ និងជួយការរស់នៅរបស់ពួកគាត់ក្នុងការប្រើប្រាសទឹកប្រចាំថ្ងៃ ជួយកាត់បន្ថយការចំណាយលើការទិញទឹក និងការទៅយកទឹកនៅទីកន្លែងឆ្ងាយៗ ជាពិសេសគឺជាប្រភពទឹកដែលគ្មានអនាម័យ និងមិនស្អាត ដែលនាំឱ្យមានការប៉ះពាល់ដល់សុខភាពរបស់ពួកគាត់” ។ ការធ្វើបែបនេះ គឺស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ទៅលើ វិធានគន្លឹះសំខាន់៥យ៉ាងគឺ ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ លើកកម្ពស់គុណភាពអបរំ, លើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និង ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធយុត្តិធម៌ ។

ម្យ៉ាងវិញទៀត ក្នុងនាម ឯកឧត្តមបណ្ឌិត ខាន់ ខុន ជាគ្រីស្ទបរិស័ទមួយរូប លោកបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់គ្នាថា “ដើម្បីរក្សាឱ្យបាននូវ សន្តិភាព និងស្ថេរភាពសង្គម ប្រយោជន៍ ឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនជឿនលឿនទៅមុខ ហើយប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅបាន នោះគ្រប់គ្នាត្រូវអនុវត្ត តាមសេចក្តីបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវ ដែលព្រះអង្គបានបង្រៀន ឱ្យមនុស្សគ្រប់គ្នាត្រូវមាន សេចក្តីស្រលាញ់ មានការអត់អោន មានសេចក្តីមេត្តាករុណា និងចេះឱ្យតម្លៃ គ្នាទៅវិញទៅមក ព្រោះថាព្រះអង្គបានធ្វើជាគំរូទុកសម្រាបមនុស្សគ្រប់គ្នារួចហើយ ដោយព្រះអង្គមិនប្រកាន់អំពីជាតិសាសន៍ ឬសាសនា ឡើយ គឺព្រះអង្គបានលះបង់គ្រប់យ៉ាងសម្រាបមនុស្សទាំងអស់លើពិភពលោក!” ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ខាន់ ខុន បានស្នើរដល់ប្រជាពលរដ្ឋឱ្យរួមគ្នាថែរក្សាការពារឱ្យបានគង់វង់នូវ សន្តិភាព ដែលរកបានមកដោយការលំបាក ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក ។

សូមបញ្ជាក់ផងដែរថា រាល់សមិទ្ធផលទាំងអស់នេះ គឺបានមកពីការអធិដ្ឋាន និងការឧបត្ថម្ភ គាំទ្រ ជាថវិកាពីគ្រីស្ទបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំង អង្គការដៃគូរនានា ដូចជា Joyce Meyer Ministries, Relevant Expeditions, Unknown Nations តាមរយៈ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ។

អណ្ដូងស្នប់ទឹកស្អាតអាហ្វ្រ៊ីដេសទាំង ០៨ អណ្ដូង ដែលបានប្រគល់ជូនដល់ប្រជាពលរដ្ឋមានទីតាំងដូចខាងក្រោម៖

១. ភូមិក្ដីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

២. ភូមិកំពង់ស្ដីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម

៣. ភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម

៤. ភូមិទួលកំពត ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម

៥. ភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម

៦. ភូមិដំណាក់ព្រីងកើត ឃុំមហាលាប ស្រុកកោះសូទិន ខេត្តកំពង់ចាម

៧. ភូមិត្រើងមង្គល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និង

៨. ភូមិគងមហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕