ឯកឧត្តមបណ្ឌិត ខាន់ ខុន ៖ គ្រប់សាសនាសុទ្ធតែបង្រៀនមនុស្សឲ្យប្រព្រឹត្តអំពីល្អ ហើយសុខដុមនីយកម្មសាសនា គឺកើតចេញពីការចេះឱ្យតម្លៃគ្នា

«គ្រប់សាសនាសុទ្ធតែបង្រៀនមនុស្សឲ្យប្រព្រឹត្តអំពីល្អ ហើយសុខដុមនីយកម្មសាសនា គឺកើតចេញពីការចេះគោរព និងឱ្យតម្លៃគ្នា» ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងជាប្រធានគ្រីស្ទបរិស័ទក្នុងសន្តិភាព មានប្រសាសន៍បែបនេះនៅក្នុងឱកាស អញ្ជើញជាតំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ប្រគល់នូវអណ្ដូងទឹកស្អាតចំនួន ០៦ អណ្តូង ដល់ស្រុក ចំនួន៣ នាខេត្តបន្ទាយមានជ័យ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ នៅទីជនបទ ក្នុងការប្រើប្រាស់ទឹកនៅរដូវប្រាំង និងបម្រើដល់ផលប្រយោជន៍នានា ក្នុងសហគមន៍ ។

នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងគ្រីស្ទបរិស័ទ ឯកឧត្តមបណ្ឌិតបានថ្លែងថា «ព្រះយេស៊ូវគ្រីស្ទបង្រៀន និងអប់រំ ឱ្យយើងចេះស្រលាញ់អ្នកដទៃ ដូចស្រលាញ់ខ្លួនឯង ព្រោះថាព្រះអង្គស្រលាញ់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ថាជាជាតិសាសន៍អ្វី ឬ សាសនា អ្វីនោះឡើយ គឺទ្រង់បានលះបង់គ្រប់យ៉ាងសម្រាប់មនុស្សទាំងអស់លើពិភពលោក!»។ ដូច្នេះក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវចេះចូលរួម ជួយក្នុងសង្គម និងស្រឡាញ់គ្នាទៅវិញទៅមក «ពីព្រោះយើង គឺជាខ្មែរ ដូចគ្នា ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាមគ្គីភាព» ។

ឯកឧត្តមបណ្ឌិត អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការផ្ដល់អណ្ដូងនេះនឹងជួយសម្រាលបន្ទុកមួយចំនួនដើម្បីជួយដល់ការរស់នៅ ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារ ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត ស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ទៅលើ វិធានគន្លឹះសំខាន់៥យ៉ាងគឺ ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ លើកកម្ពស់គុណភាពអបរំ, លើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និង ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធយុត្តិធម៌។ 

សូមជម្រាបជូនថា សមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការគ្នារបស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ដោយមានការចូលរួមគ្នាបរិច្ចាគ ទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកា និងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើនៅរដូវប្រាំង។

អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ីដេសទាំង ០៥អណ្ដូង ស្ថិតនៅ   

1- ភូមិជំទាវ ឃុំ ឬស្សីក្រោក ស្រុកមង្គលបុរី ខេត្ត បន្ទាយមានជ័យ

2- ភូមិតាឡំកណ្តាល  ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

3- ភូមិខ្លិនទា ឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

4- ភូមិដូនលី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

5-ភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

6- និង អណ្ដូងប្រើប្រាស់ដោយសូលាបូមទឹក ចម្រោះប្រព័ន្ធទឹកស្អាត ប្រើសំរាប់សហគមន៍១អណ្ដូង នៅភូមិតាមា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រៅពីអណ្តូងទាំង០៦ ឯកឧត្តមបណ្ឌិត ក៏បានសហការណ៍ជាមួយ អង្គការ Global Ventures (ហ្ក្ល្លបល វ៉ិនឆឺស៍) ចុះចែកធុងចម្រោះ ទឹកស្អាត ដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន៧៥គ្រួសារផងដែរ គឺនៅភូមិគោកក្រសាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ 

លើសពីនេះទៀត ដោយមាកការឧបត្ថមគាំទ្រពី អង្គការ Relevant Expeditions (រីលីវែនធ៍ អុិកស្ពីឌីហ្សិនស៍) ឯកឧត្តមបណ្ឌិត ក៏បាននាំយក សម្ភារមួយចំនួនចែកជួនដល់កុមារកំព្រា និងកុមារក្រីក្រចំនួន ១០០នាក់ គឺនៅខេត្តបន្ទាយមានជ័យចំនួន៤២នាក់ ខេត្តកំពង់ធំចំនួន៤៤នាក់ និងខេត្តត្បូងឃ្មុំ ចំនួន១៤នាក់ ។ សម្ភារប្រចាំឆ្នាំទាំងនោះរួមមាន៖ 

1- សម្ភារសិក្សា (ឯកសណ្ឋានសាលារៀន កូតាប សៀវភៅ ប៊ិច និងផ្សេងច្រើនមុខទៀត)

2- សម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃ និងសំលៀកបំពសក់កីឡា

3- និងសម្ភារបន្ទប់ទឹក

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំក្ដីនឹករលឹកគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន ពីការដឹកនាំការរួមសាមគ្គីគ្នា នៅគ្រាលំបាក ស្រលាញ់គ្នា ទៅវិញទៅមក ដោយរួមរស់ក្នុងម្លប់សន្តិភាព ចូលរួមជួយតាមលទ្ធភាព ដើម្បីប្រទេសជាតិ និងការអភិវឌ្ឍន៏ ដោយរក្សានូវការរួមសាមគ្គីភាព ៕