ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរធម្មការនិងសាសនា ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរធម្មការនិងសាសនា ខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្ត ស្តាប់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរធម្មការនិងសាសនាខេត្ត និង ជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ពាង ណារិទ្ធ លោកជំទាវ នី ចាន់ធីតា អភិបាលរង  តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរធម្មការនិងសាសនា ខេត្ត ។
លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានជម្រាបជូន ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងាររបស់មន្ទីរដែលបានអនុវត្តកន្លងមក និងស្ថានភាពរបស់សាសនាចំនួន៤ រួមមានព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ , ឥស្លាមសាសនា, គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាពនៅទូទាំងខេត្ត ត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ចាយ បូរិន មានប្រសាសន៍ថា មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ ដែលជាសេនាធិការឱ្យក្រសួងធម្មការនិងសាសនា ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពលើមន្ត្រីខ្លួនបន្ថែមទៀត ដាច់ខាតត្រូវមាន ចំណេះ ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ សិក្សាឲ្យច្បាស់នូវសាសនាទាំងអស់ក្នុងខេត្ត ហើយអភិរក្សឱ្យបានល្អ នូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ខ្មែរយើងឱ្យបានខ្ជាប់ខ្ជួន ហើយមន្ទីរធម្មការនិងសាសនាខេត្តត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ វត្ត អាជ្ញាធរមូលដ្ឋានរៀបចំទីអារាមឱ្យមានសណ្តាប់ធ្នាប់ល្អ សម្រាប់ពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គោរពបូជា គឺត្រូវរក្សាឱ្យបាន អភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនាសម្រាប់វត្តអារាម ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបន្តថា ការវិវឌ្ឍន៏រីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យសាសនា ពិសេសព្រះពុទ្ធសាសនា ក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់របស់ក្រសួងធម្មការនិងសាសនា ក្នុងការរក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺដោយសារមាន មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្តទូទាំងប្រទេស ជាសេនាធិការដ៏សំខាន់ របស់ក្រសួងផងដែរ ។ ក្នុងបរិបទការអប់រំតាមរយៈព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ លើការរីកចម្រើនខាងសម្ភារៈនិងស្មារតី ស្ថិតក្នុងក្របខណ្ឌនៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ និងគុណធម៌។ ក្រោមការយកចិត្តទុកដាក់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្ន បន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ព្រះពុទ្ធសាសនាចូលក្នុងកម្មវិធីអបរំតាមសាលារៀនរដ្ឋនិងឯកជនផងដែរ ។
ឯកឧត្តមបណ្ឌិតក៏បានលើកឡើងបន្ថែមថា កម្ពុជាមានសិទ្ធសេរីភាពពេញលេញ និងមានសុខដុមនីយកម្មខាងជំនឿសាសនា ដោយស្ថិតក្រោមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ គ្រប់គ្រង និងយកចិត្តទុកដាក់លើការបង្រួបបង្រួមគ្រប់សាសនាទាំងអស់ឱ្យមានសុខដុមនីយកម្មសាសនា ហើយបានអភិរក្សទេសចរណ៍សាសនា សម្រាប់ចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលឲ្យកាន់តែមានរីកចម្រើនបន្ថែមទៀត៕