ឯកឧត្តមបណ្ឌិត ចាយ បូរិន អនុញ្ញាតឲ្យគណៈប្រតិភូសាសនាចក្រនៃព្រះយេស៊ូវគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យគណៈប្រតិភូសាសនាចក្រនៃព្រះយេស៊ូវគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដឹកនាំដោយ លោក អែលឌើរ ខែល្លី អ័រ ចានសុន (Elder Kelly R. Johnson) ប្រធានតំបន់អាស៊ីនៃសាសនាចក្រ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។

នាឱកាសនៃជំនួបនេះ លោក អែលឌើរ ខែល្លី អ័រ ចានសុន (Elder Kelly R. Johnson) ប្រធានតំបន់អាស៊ីនៃសាសនាចក្រ បានមានប្រសាសន៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ៗរួមមាន៖

១.ជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ សាសនាចក្រនៃព្រះយេស៊ូវគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលកំពុងអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា។
២.ជម្រាបជូនអំពីគម្រោងដែលក្រុមការងារ បានចុះសិក្សាកន្លងទៅនៅស្រុកចំនួន២ គឺស្រុកក្រូចឆ្មា និងស្រុកតំបែរ ។
៣.ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីអំពីគម្រោងនៃការចំណាយ
លើគម្រោងមនុស្សធម៌ជាច្រើន ដោយផ្តោតលើវិស័យសាសនា សិក្សាធិការ សុខាភិបាល ទឹកស្អាតតាមមូលដ្ឋាន និងស្បៀងអាហារ ជាដើម ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោកប្រធានតំបន់អាស៊ីនៃសាសនាចក្រ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា និងអរគុណដល់លោកអែលឌើរ ខែល្លីអ័រ ចានសុន ដែលបានឧបត្ថម្ភនូវសម្ភារៈការិយាល័យមួយចំនួន ដូចជាកុំព្យូទ័រជាដើម ដល់ក្រុមការងារក្រសួងដែលកំពុងតាក់តែងច្បាប់ ស្តីពីសាសនានៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះផងដែរ ក្រសួងធម្មការនិងសាសនា បាននឹងកំពុងត្រៀមសិក្សាការចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា ដោយមានការឯកភាពពី ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងអាណិត្តទី៧នេះ សិក្សា ស្វែងយល់ និងឯកភាពលើចំណុចណាមួយ ដើម្បីជាភាពងាយស្រួលរួមសហប្រតិបត្តិការទ្វេភាគី។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ គណៈប្រតិភូសាសនាចក្រនៃព្រះយេស៊ូវគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសហការីទាំងអស់ សម្រេចបានគ្រប់ភារកិច្ចការងារដែលត្រូវអនុវត្តនាពេលខាងមុខ ៕