ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញទស្សនាវត្តចុងហ្វ័រ និងចូលរួមពិធីដាំដើមពោធិ៍ព្រឹក្ស នៅទីលានព្រះបរមពោធិសត្វប្រសូត នៅទីក្រុងលុម្ពិនី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់

នេប៉ាល់: ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារសាសនា នៅសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញទស្សនកិច្ចនៅទីក្រុងលុម្ពិនី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញទៅទស្សនាវត្តចុងហ្វ័រ ជាវត្តព្រះពុទ្ធសាសនាមួយនៅទីក្រុងលុម្ពិនីវត្ត ចុងហ្វ័រ ត្រូវបានសាងសង់ឡើងដោយសមាគមព្រះពុទ្ធសាសនាចិនក្នុងឆ្នាំ ១៩៩៨ ។ 

ឯកឧត្តមបណ្ឌិតចាយ បូរិន និងគណៈប្រតិភូទាំងអស់នៃកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ បានអញ្ជើញចូលរួមក្នុងពិធីដាំដើមពោធិ៍ព្រឹក្ស នៅទីលានព្រះបរមពោធិសត្វទ្រង់ប្រសូត ដើម្បីចូលរួមបង្ហាញពីសាមគ្គីភាព ការរឹតចំណងមិត្តភាពរវាងអ្នកកាន់ព្រះសាសនាលើសកលលោក ព្រមទាំងបន្សល់ទុកជានិមិត្តរូបនៃអនុស្សាវរីយ៍នៃសម្រាប់បណ្តាប្រទេសទាំងអស់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំព្រះពុទ្ធសាសនានេះ។

សូមជម្រាបជូនថា កិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ ដែលប្រព្រឹត្តទៅនៅប្រទេសនេប៉ាល់នេះ បានធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងពុទ្ធសាសនិកក្នុងតំបន់ និងពិភពលោក ព្រមទាំងជាឱកាសសម្រាប់ការផ្លាស់ប្តូរគំនិតទស្សនៈ បទពិសោធន៍ការងាររវាងពុទ្ធសាសនិក និងពុទ្ធសាសនិកជុំវិញតំបន់ និងពិភពលោក សំដៅដាក់ចេញនូវវិធានការណ៍កែលម្អថ្មីៗ ដើម្បីលើកស្ទួយការអភិវឌ្ឍសុខដុមនីយកម្មព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើនថែមទៀតទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល ។