ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ថោង ខុន អញ្ជើញបើក ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤
ថ្លែងក្នុងពិធីបើក ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៨ ខែតុលានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” បានអោយដឹងថា ការរៀបចំឱ្យមាននូវព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណជាប្រវត្តិសាស្រ្តនេះឡើង ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្តថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” នេះ គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែកគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាមរបស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់បានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបានអាណាចក្រ ខ្មែរដ៏រឹងមាំនាសម័យបុរាណ ព្រមជាមួយនេះក៏ដើម្បីសិក្សាស្រាវជ្រាវប្រវត្តិយុទ្ធគុន ស្វែងរកប្រភពឯកសារបុរាណ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ ដែលនៅសេសសល់ ហើយដែលកំពុងកប់បាត់ក្នុងសហគមន៍ ដើម្បីយកមករៀបចំជាឯកសារ ទាំងឯកសារសំណេរ និងឯកសារឌីជីថលរបស់ជាតិសម្រាប់បន្សល់ទុកឱ្យកូនខ្មែរគ្រប់ជំនាន់ប្រើប្រាស់ ជាមូលដ្ឋាន។ឯកឧត្តម បន្តថា យើងពិតជាមានមោទនភាពចំពោះព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរ ដែលបានខិតខំបង្កើតវប្បធម៌ អរិយធម៌ និងរតនសម្បត្តិមហាសាល ទាំងរូបី ទាំងអរូបីឱ្យយើងទាំងអស់គ្នាគ្រប់ជំនាន់ ដោយឡែកសម្រាប់ យុទ្ធគុន ខ្មែរបុរាណ យើងមានភស្តុតាង និងសក្ខីកម្មជាច្រើន ដូចជា ការរៀបរាប់ពីថ្វីដៃយុទ្ធគុនរបស់អតីត ព្រះមហាក្សត្រ តាមសិលាចារឹក សាស្រ្តាស្លឹករឹត តាមជញ្ជាំងប្រាសាទជាច្រើន និងតាមសហគមន៍នានាទូទាំងប្រទេស និងនៅអតីតចក្រភពខ្មែរបុរាណ ដើម្បីទុកឱ្យកូនខ្មែរសម័យទំនើប ជីកកកាយ សិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកជាសម្បត្តិវប្បធម៌យុទ្ធគុនជាតិដ៏មានតម្លៃបំផុត។ជាមួយក្នានេះដែរ ឯកឧត្តម សម្តែងនូវការកោតសរសើរចំពោះ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” និងអនុគណៈកម្មការប្រតិបត្តិ ដែលបានបានខិតខំអនុវត្តការងារ និងបានសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ក្នុងការរៀបចំទីលានប្រកួត និងលក្ខណៈបច្ចេកទេសរួមមួយ ទំនើប និងស្តង់ដាកីឡា និងបានសហការយ៉ាងល្អជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូកីឡា កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងព្រឹទ្ធាចារ្យយុទ្ធគុន រួមទាំងការរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងដឹកជញ្ជូន ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ផងដែរ។ក្រៅពីនេះឯកឧត្តម ទេសរដ្ឋមន្ត្រី បណ្តាលក្រសួង សមាគម សហពន្ធកីឡា ក្រុមហ៊ុនសហការឧបត្ថម្ភ និងសមាជិកនៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ទាំងអស់ដែលបានរួមកម្លាំង និងសហការគ្នាបានយ៉ាងល្អ ដើម្បីធានាឱ្យដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ជាប្រវត្តិសាស្រ្តនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕