ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ប្រទេសជាច្រើននៅលើពិភព លោក រួមនិងកម្ពុជា ប្រឈមនឹងជំងឺមិនឆ្លងចម្បង ៣ គឺ៖ ជំងឺទឹកនោមផ្អែម មហារីក និងសម្ពាធឈាមខ្ពស់

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានមានប្រសាសមន៍ថា ប្រទេសជាច្រើននៅលើពិភពលោក រួមនិងកម្ពុជា ប្រឈមនឹងជំងឺមិនឆ្លង ចម្បង៣ គឺ៖ ជំងឺទឹកនោម ផ្អែម មហារីក និងសម្ពាធឈាមខ្ពស់។ ការកើតជំងឺមិនឆ្លង បណ្តាលមកពីកត្តាហានិភ័យ ចម្បងប្រាំ រួមមាន៖ របបអាហារមិនមានសុខភាព (ផ្អែម ប្រៃ ខ្លាញ់) កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ ភេសជ្ជៈថាមពល និងគ្រឿង ស្រវឹង ប្រកបដោយគ្រោះថ្នាក់។

ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់បិទសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្តនិងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » ដែលបានប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ ដែលមានអ្នកពាក់ព័ន្ធជាតិ អន្តរជាតិជាច្រើនបានចូលរួម នៅក្នុងនោះមាន សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិកសភានៅក្នុងតំបន់អាស៊ាន ប្រតិភូមកពីវេទិកាអន្តរសភាក្នុងតំបន់ តំណាងអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍមួយចំនួនទៀត។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍បន្តថា ដើម្បីជាប្រយោជន៍ ដល់ប្រជាជនលើបញ្ហាសុខភាព យើងត្រូវរួមគ្នា អនុវត្តគោលនយោបាយសុខភាពសាធារណៈរបស់ប្រទេសរៀងៗខ្លួន។ ជាទូទៅ សមាជិកសភា មានមុខងារ ៣ គឺការអនុម័តច្បាប់ ការតាមដាន និងត្រួតពិនិត្យការ អនុវត្តច្បាប់ និងមុខងារតំណាង។ ជោគជ័យនៃការ អនុវត្តគោលនយោ បាយនានា គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការ រវាងសភា រដ្ឋាភិបាល ប្រជាពលរដ្ឋ និង វិស័យឯកជន និងពេលខ្លះត្រូវការកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើងថា យោងតាមលទ្ធផលសន្និបាតសុខាភិបាលកម្ពុជាលើកទី៤៤ កំណើននៃការប្រើប្រាស់សេវាជំងឺមិនឆ្លងចម្បងនៅមូលដ្ឋានសុខាភិបាលសាធារណៈនៅក្នុងឆ្នាំ២០២៤ ក្នុងនោះការប្រើប្រាស់សេវាជំងឺទឹកនោមផ្អែមកើនឡើង ៥៩% និងជំងឺលើសឈាមកើនឡើង ២១%។

ស្ថិតក្រោមដំបូលសន្តិភាព និង វឌ្ឍនភាពនានា ដែលយើងកំពុងទទួលបាន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសង្កត់ធ្ងន់ថា យើងគួររួមគ្នាជំរុញការងារ២សំខាន់ ដូចខាងក្រោម៖ សុខភាព៖ ខ្មែរប្រែពីដាច់បាយ ទៅផ្តាច់បាយ ពោលគឺប្រែពីមានហូបតិចពេក ទៅមានហូបច្រើនពេក ហើយយើងឃើញមានចំនួនមនុស្សធាត់ បានកើនឡើងនៅកម្ពុជា។ បញ្ហានេះ ក៏ទំនងជាកើតមាន នៅក្នុងប្រទេសឡាវ ថៃ វៀតណាម និងហ្វីលីពីនផងដែរ។ មនុស្សលើលោក ចូលចិត្តអាហារ មានស្ករ អំបិល និងខ្លាញ់ ដែលធ្វើឱ្យមានរសជាតិឆ្ងាញ់។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍បញ្ជាក់បន្តថា យុទ្ធនាការ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅកាត់បន្ថយធាតុទាំង៣ នេះ គឺជាកិច្ចការដ៏ត្រឹមត្រូវបំផុត ក្នុងបុព្វហេតុកាត់បន្ថយបញ្ហាសុខភាព ពាក់ព័ន្ធជំងឺមិនឆ្លង។ យើងក៏ត្រូវបង្រៀនពលរដ្ឋរបស់យើងផងដែរ ឱ្យគាត់ផ្លាស់ប្តូរទម្លាប់ពីហូបច្រើនតែតិចមុខ ទៅហូបតិចតែច្រើនមុខ ជាពិសេសត្រូវធ្វើការអប់រំប្រជាពលរដ្ឋ ឱ្យចេះ និងចេះស្រាវជ្រាវ លើការថែទាំសុខភាព។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឈាង វណ្ណារិទ្ធ អគ្គលេខា ធិការរងរដ្ឋសភា បានឡើងរាយការណ៍ពីលទ្ធផលនៃដំណើរ ការក៏ដូចជាសកម្មភាពនៃសិក្ខាសាលាថ្នាក់តំបន់នេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ និងអនុសាសន៍របស់ថ្នាក់ដឹកនាំ សភា ក៏ដូចជាកាធ្វើបទបង្ហាញរបស់វាគ្មិនជំនាញ និងតំណាងសភានៃបណ្តាប្រទេសជាសមាជិក ក្នុងតំបន់អាស៊ាន។ អង្គសិក្ខាកាមក៏បានសម្តែងការគាំទ្រនិងចូលរួមលើកឡើងនូវមតិយោបល់ ជាសំណួរផង និងផ្តល់ជាអនុសាសន៍ផង ទៅលើកិច្ចពិភាក្សាចំនួន២វគ្គ ។សរុបសេចក្តីមក សិក្ខាសាលាថ្នាក់តំបន់នេះ បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើន ឡើងនៃជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល។ នៅក្នុងរបាយការណ៍បូកសរុបនេះដែរ ឯកឧត្តម ឈាង វណ្ណារិទ្ធ បានបញ្ជាក់ថា អនុសាសន៍គោលនយោបាយជាក់ស្តែងមួយចំនួនត្រូវបានស្នើឡើង រួមជាមួយនឹងផែនការ សកម្មភាពជាក់ស្តែង និងយុទ្ធនាការដូចជា “ប្រជាជនមានសុខ ភាពល្អ កម្ពុជាបវររុងរឿង” (“Healthy Life, Healthy Cambodia”) ។ ជំងឺមិនឆ្លងគឺជាបញ្ហា ឆ្លងវិស័យ ពហុវិមាត្រ និងស្មុគស្មាញ ដោយវាទាមទារដំណោះស្រាយជាប្រព័ន្ធ កិច្ចសហប្រតិបត្តិ ការឆ្លងវិស័យ និងវិធីសាស្ត្រពហុភាគីនៅកម្រិតជាតិ តំបន់ និងពិភពលោក។ ការដោះស្រាយបញ្ហាជំងឺមិនឆ្លងត្រូវមានលក្ខណៈចរិតវិទ្យាសាស្ត្រ ចរិតសង្គម ចរិតវប្បធម៌ ចរិតសេដ្ឋកិច្ច និងចរិតនយោបាយ។ នីតិប្បញ្ញត្តិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លង ជាពិសេសតាមរយៈការអនុម័តច្បាប់ ការពង្រឹង ការតាមដានការត្រួតពិនិត្យ ការបង្កើនការបែងចែកថវិកាលើការថែទាំសុខភាព និងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងវិស័យ៕