ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការប្រែប្រួលអាកាសធាតុ” នៅវិមានរដ្ឋសភា

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូដឹកនាំដោយឯកឧត្តម Park Huk-Hyum សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការប្រែប្រួលអាកាសធាតុ” នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្តើម ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងតាង នាមឲ្យ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ទទួលបន្ទុកផែនការវិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តីសោមនស្ស ប្រកបដោយមនោសញ្ចេតនារីករាយ ក្នុងឱកាសជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម Park Huk-Hyum អនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី ការប្រែប្រួលអាកាសធាតុ និង យុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូន » ដែលទាក់ទងទៅនឹងវិស័យ បរិស្ថាន ដ៏មានសារៈសំខាន់នាពេលនេះ។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏សូមអភ័យទោសចំពោះការអវត្តមានរបស់ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ដែល មិនបានអញ្ជើញចូលរួមក្នុងកម្មវិធីនាពេលនេះ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភា បានជម្រាបជូន ឯកឧត្តម និងគណៈប្រតិភូ នូវព័ត៌មានសង្ខេបសំខាន់ៗ អំពីការប្រែប្រួលអាកាសធាតុ និង យុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូន និងបានគូសបញ្ជាក់ថា បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងសករាជនៃភាពបាត់បង់ និងខូចខាត ដែលបណ្តាលមក ពីផលប៉ះពាល់បំរែបំរួលអាកាសធាតុ។ ផលប៉ះពាល់បំរែបំរួលអាកាសធាតុ កំពុងតែរីករាលដាលយ៉ាងខ្លាំង ដែលយើងមិនអាចគ្រប់គ្រងបាន នៅជុំវិញសកលលោក។ កម្ពុជា កំពុងយកចិត្តទុកដាក់លើវិស័យបរិស្ថាន ៣ប្រភេទសំខាន់ៗដូចជា ៖បរិស្ថានធម្មជាតិ បរិស្ថានសង្គមវប្បធម៌ និងបរិស្ថានមនុស្ស។ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែល ងាយរងគ្រោះដោយសារផលប៉ះពាល់ខាងលើ ជាក់ស្តែងកម្ពុជា បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម តែចំនួន០,០២%ប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជា បានប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០ ។ចំពោះយុទ្ធសាស្ត្ររយៈពេលវែងរបស់កម្ពុជាសម្រាប់អព្យាក្រឹតភាពកាបូន (LTS4CN) ដែល បានអនុម័តនៅឆ្នាំ 2021 ឆ្លុះបញ្ចាំងពីគោលដៅដ៏មហិច្ឆតារបស់ប្រទេសជាតិក្នុងការសម្រេចបាន នូវអព្យាក្រឹតភាពកាបូននៅឆ្នាំ2050។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានសំណូមពរដល់សាធារណរដ្ឋកូរ៉េ លើការសំខាន់ៗចំនួន២ គឺទី១សូមជួយលើការងារកសាងផែនការការពារបរិស្ថាន និងទី២សូមជួយក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សឲ្យយល់កាន់ច្បាស់ពីបរិស្ថាន។

ជាការឆ្លើយតប ឯកឧត្តម Park Huk-Hyum សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ  ស្តីពី «ការប្រែប្រួលអាកាសធាតុ” បានកោតសរសេីរចំពោះការរីក ចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើន ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជានឹងកាន់តែរឹងមាំបន្ថែម ទៀត។  នៅក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០ ។ ដោយកម្ពុជាបានចាត់វិធានការ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គីសនី និងខ្យល់ជាដើម ហើយសង្ឃឹមថា កម្ពុជានឹងទទួលបានជោគ ជ័យនៅក្នុងការងារនេះ។ ឯកឧត្តមសមាជិកសភា ជឿជាក់យ៉ាងម៉ុតមាំថា  រាជរដ្ឋាភិបាលកម្ពុជា នឹងក្លាយជាប្រទេសគំរូមួយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម បានជម្រាបជូនថា សាធារណរដ្ឋកូរ៉េ នឹងមានគម្រោងRTAបៃតង ដើម្បីកាត់ បន្ថយឧស្ម័នផ្ទះកញ្ចក់ ហើយប្រទេសកម្ពុជា ជាមិត្តរបស់ប្រទេសកូរ៉េ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការគ្នាក្នុងគម្រោង RTAបៃតង។បច្ចុប្បន្ននេះគម្រោងRTAមួយរបស់ប្រទេសកូរ៉េ បានជួយដល់ប្រទេសកម្ពុជា គឺការងារជួសជុលប្រាសាទអង្គវត្ត នៅខេត្តសៀមរាប។ នៅក្នុងឱកាសនេះ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំក្រោយនេះ សាធាណៈរដ្ឋកូរ៉េ នឹងមានរៀបចំមហាសន្និបាតលើកទី២១ ដែល និយាយអំពីគម្រោង RTA ដូច្នេះ តាមរយះឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភា  ឯកឧត្តមសូមគោរពអញ្ជើញថ្នាក់ដឹកនាំរដ្ឋសភា ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី២១នេះ ។