ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃអភិបាលខេត្តកំពត ទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ ចំពោះអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណ ១៣ ស្ថានទូត

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូអង្គទូត ចំនួន ១៣ស្ថានទូត ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំ រួមទាំងសហការីនៃក្រសួងការបរទេសសរុបប្រមាណ ៤០រូប មកទស្សនៈកិច្ចសិក្សានៅចម្ការគ្រឿងទេស និងដំណាំម្រេចកំពត – La Plantation ដែលមានទីតាំងនៅខេត្តកំពត។

ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃអភិបាលខេត្តកំពតបានទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ ចំពោះអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណ ១៣ ស្ថានទូត ដែលបំពេញទស្សនៈកិច្ចសិក្សា ចម្ការម្រេច និងតំបន់សក្តានុពលទេសចរណ៍ខេត្តកំពត រយៈពេល២ ថ្ងៃ នៅថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ដឹកនាំដោយឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមប្រធានបទលើកកម្ពស់មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈម្ហូបអាហារ»។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន មានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយទទួលស្វាគមន៍អង្គទូតបរទេស មកទស្សនៈកិច្ចសិក្សានៅខេត្តកំពតដោយផ្ទាល់ ដែលនេះពិតជាមានផលប្រយោជន៍ច្រើនសម្រាប់ខេត្ត។ ដំណើរទស្សនៈកិច្ចនេះ ប្រៀបដូចនឹងការផ្សព្វផ្សាយតំបន់ទេសចរណ៍ ស្វែងយល់ពីសក្តានុពលរបស់ខេត្ត ដំណាំ ផលិតផល ដែលខេត្តមាន ដល់ជនបរទេស តាមបណ្តាប្រទេសនានា ឱ្យកាន់តែទំលំទូលាយ ទាក់ទាយភ្ញៀវទេសចរណ៍កាន់តែច្រើន។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានថ្លែងអំណរគុណ ដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្តួចផ្តើមកម្មវិធីនេះឡើង និងសង្ឃឹមថា នឹងមានដំណើរទស្សនៈកិច្ចការទូតជាច្រើនទៀត មកកាន់ខេត្តកំពត ជាការជំរុញបន្ថែមនូវលំហូរភ្ញៀវទេសចរណ៍៕