ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញរៀបពិធីក្រុងពាលីដើម្បីសាងសង់ប្រទីបថ្មីរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលមានសោភណភាព ស្រស់ស្អាតសម្រាប់ការចូលរួមបណ្តែតអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤,

ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសគណៈកម្មការរៀបចំប្រទីប ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសប្បាយពីម្ចាស់ទឹក ម្ចាស់ដី ដើម្បីរៀបចំសាងសង់ប្រទីបថ្មី នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយដងទន្លេសាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។  បន្ទាប់ពីរៀបចំពិធីសុំសេចក្តីសុខដល់ជាង និងអ្នកគ្រប់គ្រងរៀបចំប្រទីប ពីម្ចាស់ទឹក ម្ចាស់ដី រួចមក ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំបច្ចេកទេស រចនាបថប្រទីប និងខ្លឹមសារនានាអោយបានល្អ ត្រឹមត្រូវសម្រាប់យកទៅផ្សព្វផ្សាយ និងបង្ហាញអោយសាធារណជនទូទៅបានឃើញនូវប្រទីបថ្មីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលមានសោភណភាព ស្រស់ស្អាត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។    តាមតូលេខបង្ហាញដោយ គណៈកម្មាធិការរៀចំបុណ្យជាតិ និងអន្តរជាតិ-អន្តរជាតិ បានអោយដឹងថា ចំនួនប្រទីបដែលត្រូវចូលបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានចំនួន ៣៥ ដោយប្រទីបក្រសួង-ស្ថាប័ន ៣៤ ប្រទីប ប្រទីបក្រុមហ៊ុនចំនួន ១ ហើយសម្រាប់ឆ្នាំនេះដែរ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏មានមោទនភាព បានរៀបចំប្រទីបចូលរួមសប្បាយរីករាយផងដែរ ៕