ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង លោក Damien Caze អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវាលបារាំង បានជួបប្រជុំគ្នាដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការវិស័យអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំងពីរ កម្ពុជា បារាំង
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង លោក Damien Caze អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវាលបារាំង បានជួបប្រជុំគ្នាដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការវិស័យអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំងពីរ កម្ពុជា បារាំង,
កិច្ចសហប្រតិបត្តិការនេះក៏ដើម្បីស្វែងរកលទ្ធភាពនៃការផ្តល់ជំនួយបច្ចេកទេសជាអ្នកជំនាញការវិស័យអាកាសចរណ៍ស៊ីវិលពីប្រទេសបារាំង និងការគាំទ្រលើដំណើរការវិនិយោគអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរកម្ពុជា បារាំង,
នៅក្នុងឱកាសនៃកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ជូនភាគីបារាំងថា៖ ប្រទេសយើងទាំងពីរមានទំនងទំនងល្អពិសេស និងចំណងមិត្តភាពដ៏ជ្រាលជ្រៅយូរលង់ទាំងប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច-នយោបាយ។ ទំនាក់ទំនងដ៏ល្អនេះ បានជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសវិស័យអាកាសចរណ៍ស៊ីវិល។ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍លើកឡើងថា តាំងពីមានកិច្ចព្រមព្រៀងសម្បទាន ស្តីពីការរៀបចំរចនាប្លង់ ផ្តល់ហិរញ្ញប្បទាន សាងសង់ ជួសជុល ថែទាំកែលម្អ និងប្រតិបត្តិការអាកាសយានដ្ឋាន ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ១៩៩៥ និងអនុស្សរណៈបន្ថែមជាបន្តបន្ទាប់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន VINCI, អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ត្រូវបានធ្វើការកែលម្អរ និងទំនើបកម្ម ប្រកបដោយសោភ័ណ្ឌភាព និងផាសុកភាព ដែលជាការរួមចំណែកក្នុងការទាក់ទាញអ្នកដំណើរតាមផ្លូវ អាកាស ភ្ញៀវទេសចរ និងអ្នកវិនិយោគ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ពាក់ព័ន្ធទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃ ប្រទេសយើងទាំងពីរ គឺមានការរីកចម្រើនគួរឱ្យជាទីមោទនៈ ដែលរដ្ឋាភិបាលបារាំង បានផ្តល់ជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា ដូចជាបញ្ជូនជំនាញការបារាំងរយៈពេលវែង មកជួយរៀបចំបទប្បញ្ញត្តិអាកាសចរណ៍ស៊ីវិលកម្ពុជា ផ្តល់ការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសអាកាសចរណ៏ និងផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីធ្វើឲ្យប្រសើឡើងនូវ ផ្នែកសុវត្ថិភាពនិងបរិស្ថានអាកាសយានដ្ឋាន, ប្រព័ន្ធត្រួតពិនិត្យតាមដានលើសកម្មភាពថែទាំបច្ចេកទេសអាកាសយាន, ពង្រឹងសមត្ថភាពនិងការត្រួតពិនិត្យលើវិស័យពេទ្យអាកាសចរណ៍។
លោក ដាមីយាង កាហ្សេ (Damien Caze) អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង បានសម្តែងនូវមោទនភាពចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាកាសចរណ៍ស៊ីវិលនាពេលកន្លងមក ហើយនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តទៅទៀត ជាពិសេសជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងជួយគាំទ្រស្វែងរកលទ្ធភាពឱ្យមានការបើកជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញផងដែរ ៕