ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំត្រៀមលើកទី២ សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន

 

ទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី២ សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

កិច្ចប្រជុំពេញអង្គ ពិភាក្សាទៅលើប្រធានបទចំនួន៩ រួមមាន ១.សេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ ២. អនុម័តរបៀបវារៈកិច្ចប្រជុំត្រៀមលើកទី២ ៣.ការរៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ៤.ការផ្លាស់ប្តូរទស្សនវិស័យលើឯកសារចំនួន៤ដែលត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ (សេចក្តីព្រាងការពិនិត្យឡើងវិញនៃប្រតិបត្តិការ និងលក្ខន្តិកៈនានានៃអនុសញ្ញា ២០២៤-២០២៩, សេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ, សេចក្តីស្នើកិច្ចប្រជុំនានានិងយន្តការសម្រាប់ក្រោយកិច្ចប្រជុំកំពូលសៀមរាប-អង្គរ, សេចក្តីព្រាងធាតុផ្សំនានាសម្រាប់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរស្តីពីពិភពលោកមួយគ្មានមីន) ៥.ការធ្វើបច្ចុប្បន្នភាពស្តីពីការរៀបចំផែនការសកម្មភាពរបស់អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) និងផែនការថវិកា ២០២៥-២០២៩ ៦.ការធ្វើបច្ចុប្បន្នភាពស្តីពីការងារភស្តុភា និងរដ្ឋបាល ៧.ស្ថានភាពនៃការរួមចំណែកក្នុងការវាយតម្លៃសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ៨.ការងារផ្សេងៗ ៩.ការពិចារណា និងការអនុម័តរបាយការណ៍នីតិវិធីសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

 

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំនូវកម្មវិធីទាំងស្រុងនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខែវិច្ឆិកា ឆ្នាំ២០២៤ គឺចាប់ពីថ្ងៃអាទិត្យ ទី២៤-ការដើរជាក្បួនពីមុខប្រាសាទអង្គរវត្ត ការទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពមីន និងពិធីលៀងសាយភោជន៍ជូនប្រតិភូនៅមុខប្រាសាទបាយ័ន ថ្ងៃទី២៧-ទស្សនកិច្ចប្រាសាទអង្គរវត្ត និងពីថ្ងៃទី២៥-២៩-កិច្ចប្រជុំពេញអង្គនិងការប្រជុំតាមព្រឹត្តិការណ៍អម រួមដោយការតាំងពិព័រណ៍នៅទីធ្លាខាងមុខសាលប្រជុំ។

ប្រទេសនានាដែលចូលរួមយោបល់ក្នុងអង្គប្រជុំ បានលើកឡើងពីការគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។