ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើត វិមានឯករាជ្យ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា
ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និង លោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០២៤ ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការដែលមានរយៈពេលពីរថ្ងៃ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ព្រមទាំងមានការអញ្ជើញអមដំណើរពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ព្រមទាំងមានទទួលបដិសណ្ឋារកិច្ចពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូបទៀត។
ក្នុងដំណើរទស្សនកិច្ចនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួម ប្រទេសទាំងពីរ៕
តមក ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ព្រមទាំងគណៈប្រតិភូបានអញ្ជើញបន្តដំណើរ ដើម្បីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើត វិមានឯករាជ្យ ក្នុងឱកាសនោះក៏មានការទទួលបដិសណ្ឋារកិច្ចពី ឯកឧត្តម ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូបទៀត។
សូមជម្រាបជូនថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ក៏បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ ។
សូមបញ្ជាក់ជូនថា ភាគីទាំងពីរ កម្ពុជា-ឡាវ នឹងពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅបន្ថែមទៀតលើ ទំនាក់ទំនងដ៏កក់ក្តៅ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។