ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។ នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែង កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នឹងលើកយកគោលនយោបាយជាតិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន វិធានការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនគម្របព្រៃ ការអភិវឌ្ឍវិស័យឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការ កៀរគរការគាំទ្រ ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការរំពឹងទុកថា៖

១) ការចូលរួមចំណែករបស់កម្ពុជា ក្នុងស្តារ ការពារនិងអភិរក្ស ពង្រីកវិសាលភាពការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិរបស់កម្ពុជា

២)កម្ពុជានឹងពង្រីកការទូតបរិស្ថានកម្ពុជា លើឆាកអន្តរជាតិ ដើម្បីផ្សព្វផ្សាយនូវភាពភាពស្អាតរបស់កម្ពុជា លើឆាកអន្តរជាតិ។ កម្ពុជានឹងធ្វើឱ្យពិភាពលោក បានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីភាពស្អាតហើយឆ្លុះបញ្ចាំងពីការពិតពីកម្ពុជា មិនមែនដូចដែលកន្លងមកក្រុមអគតិមួយចំនួន តែងបានលាបព័ណ៌។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត  និងប្រតិភូថ្នាក់ដឹកនាំកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល និងឡើងថ្លែងសន្ទរកថា តំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទទយលជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយបណ្តាមេដឹកនាំ នៃប្រទេសជាមិត្តមួយចំនួន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនផងដែរ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាព។ 

សូមបញ្ជាក់ថា គណៈប្រតិភូមកពីជុំវិញពិភពលោកចំនួន១៩៦ប្រទេស ក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ប្រមុខរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវបរិស្ថាន និងអ្នកសារព័ត៌មាន សរុប ១៥០០០នាក់ បានមកជួបជុំគ្នាពិភាក្សា រយៈពេលជិត២សប្តាហ៍ ចាប់បីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ដើម្បីលើកឡើងអំពីបញ្ហាប្រឈម នៃយុគសម័យនេះ និងដំណោះស្រាយ ព្រមទាំងពិនិត្យលើការកៀរគរថវិកាប្រមាណ៧០០ពាន់លានដុល្លារ ដើម្បីធ្វើការថែរក្សាជីវៈចម្រុះ និងធានាការអភិវឌ្ឍប្រកបចីរភាព ជាពិសេសបែងចែកទៅប្រទេសកំពុងអភិវឌ្ឍ។ ព្រឹត្តិការណ៍ដែលមានសារសំខាន់បំផុត នៅលើពិភពលោក តែងបានរៀបចំឡើង ២ឆ្នាំម្តង កាលពីឆ្នាំ២០២២កន្លងទៅ បានប្រព្រឹត្តទៅនៅប្រទេសកាណាដា ដែលបានពិភាក្សាគ្នា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាកៀរគរថវិកា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ ពង្រឹងការវិនិយោគ ដើម្បីការពារប្រព័ន្ធជិវៈចម្រុះនិងធនធានធម្មជាតិ និងពង្រឹងគោលនយោបាយបរិស្ថានពិភពលោក ដើម្បីបញ្ឈប់ការបាត់បង់ជីវៈចម្រុះ ពីពេលនេះរហូតដល់ឆ្នាំ២០៣០៕