ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល ក្រើនរំលឹកដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែនការអភិវឌ្ឍមណ្ឌលសុខភាពរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ក្នុងវិស័យសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមណ្ឌលសុខភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែនការអភិវឌ្ឍមណ្ឌលសុខភាពរបស់ខ្លួន ឱ្យកាន់តែមានភាពរីកចម្រើនជាជំហ៊ានៗ។ការថ្លែងខាងលើរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសធ្វើបថកឋាលើការទាក់ទាញភាគីពាក់ពន្ធ័ (Stakeholders) អោយចូលរួមក្នុងការអភិវឌ្ឍន៍ នៅក្នុងវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលក្រោម តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៤០នាក់ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នោះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យមណ្ឌលសុខភាពក្រាំងស្លា និងថ្នាក់ដឹកនាំស្រុកប្រតិបត្តិ និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បង្ហាញពីការកែរលំអលើចំនុចខ្វះខាតមួយចំនួន ដែមណ្ឌលសុខភាពមាន ក្នុងពេលកន្លងមក។ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកកត្តាមួយចំនួន ដែលមានភាពចំាបាច់សម្រាប់ទាក់ទាញភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលដូចជា ការមានទំនាក់ទំនងល្អ ការមានគោលដៅ និងយន្តការច្បាស់លាស់ ការប្រកាន់ឥរិយាបទដែលបង្កើននូវការទុកចិត្តពីភាគីពាក់ព័ន្ធ និងភាពក្លាហាន ដើម្បីសម្រេចផលប្រយោជន៍រួម។ល។ទន្ទឹមនឹងនោះផងដែរ  ឯកឧត្តមសាស្រ្តាចារ្យបានណែនាំ ឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រកាន់យកគោលការណ៍ «រស់ដើម្បីភាពរីកចំរើនលូតលាស់និងចែករំលែក»។ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ធ្វើបទបង្ហាញស្តីពីបទពិសោធន៍ ការគ្រប់គ្រងលើវិស័យសុខាភិបាលខេត្ត៕