ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍គោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពិតជាមានសេចក្តីរន្ធត់ក្ដុកក្ដួល ក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងក្ដីសោកសង្រេង និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត,នៅរសៀលថ្ងៃទី២៩មីនា, ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់ទុកមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់នូវបងប្រុសបង្កើត បងថ្លៃ ឪពុកបង្កើត ឪពុកក្មេក ឪពុកធំ ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត និងប្រកប ដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលក្នុងមួយឆាកជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំតស៊ូ ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន ប្អូន ក្មួយ កូន ចៅ រហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ក្នុងបរិយាកាសដ៏សង្វេគក្រៀមក្រំពុំអាចរកអ្វីប្រៀបផ្ទឹមបាននេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមរំលែកនូវមរណទុក្ខ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងបានឧទ្ទិសមហាកុសលជូនចំពោះវិបាកបដិសន្ធិវិញ្ញាណ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់ស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕