ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា ទទួលសៀវភៅ “ឯកឧត្តម ស៊ីជីងភីង ស្តីពីអភិបាលកិច្ចប្រទេសចិន”  ភាគទី៤ ជាភាសាអង់គ្លេស ចំនួន ១០០០ក្បាល ពីក្រុមប្រឹក្សាភិបាលសារព័ត៌មាន ASEANTOP NEWS ដើម្បីទុកចែកជូនដល់និស្សិតកម្ពុជា សិក្សាស្វែងយល់បន្ថែមពីគោលនយោបាយ អភិបាលកិច្ចរដ្ឋក្នុងការគ្រប់គ្រងនិងដឹកនាំប្រទេសចិន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងនូវការអរគុណដល់ សារព័ត៌មានASEANTOP NEWS តំណាងអោយ នាយកដ្ឋានកិច្ចការកម្មសិទ្ធបោះពុម្ពផ្សាយបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុនចែកចាយសៀវភៅអន្តរជាតិត្រេឌីងគ្រុប ដែលបាននាំយកនូវសៀវភៅ ឯកឧត្តម ស៊ីជីងភីង ស្តីពីអភិបាលកិច្ចប្រទេសចិន ភាគទី៤ ជាភាសាអង់គ្លេស ចំនួន ១០០០ក្បាល មកជូនដល់ក្រសួងព័ត៌មាន ហើយសៀវភៅនេះ ឯកឧត្តម នឹងធ្វើការចែកជូនដល់និស្សិតដោយឥតគិតថ្លៃ ដើម្បីយកទៅអានបានយល់កាន់តែច្បាស់ពីគោលគំនិតរបស់លោក ស៊ី ជិនពីង ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចរបស់ប្រទេសចិន ដែលអាចរៀនសូត្រ និងដកស្រង់យកជាបទពិសោធន៍។

បើសិនជា និស្សិតដែលកំពុងសិក្សាចង់បានសៀវភៅនេះ សូមអញ្ជើញមកចុះឈ្មោះនៅក្រសួងព័ត៌មាន ដើម្បីទទួលបានសៀវភៅយកទៅអានធ្វើការសិក្សាស្វែងយល់បន្ថែមពី គោលនយោបាយ អភិបាលកិច្ចរដ្ឋក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសចិន។ ឯកឧត្តម សង្ឃឹមថានឹងទទួលបានសៀវភៅនេះភាគទី១ ភាគទី២ ភាគទី៣ ជាភាសាខ្មែរ និងអង់គ្លេសបន្ថែមពីសារព័ត៌មានASEANTOP NEWS ។

សៀវភៅ ឯកឧត្តម ស៊ីជីងភីង ស្តីពីអភិបាលកិច្ចប្រទេសចិន ភាគទី៤ ជាភាសាអង់គ្លេស ចំនួន ១០០០ក្បាលខាងលើនេះ ត្រូវបានលោក លោកZHENG XIAN JIANG ក្រុមប្រឹក្សាភិបាល លោកPAN GAN WU ចាងហ្វាងនាយក ASEANTOP NEWS តំណាងអោយ នាយកដ្ឋានកិច្ចការកម្មសិទ្ធបោះពុម្ពផ្សាយបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុនចែកចាយសៀវភៅអន្តរជាតិត្រេឌីងគ្រុប នាំយកមកប្រគល់ជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។

លោកZHENG XIAN JIANG បានជម្រាបជូនថា សារព័ត៌មាន ASEANTOP NEWS ទទួលបានការផ្តល់សិទ្ធិដើម្បីធ្វើការចែកចាយ សៀវភៅនេះដល់គ្រប់ក្រសួង ស្ថាប័ន និងសមាគមនានានៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ សារព័ត៌មាន ASEANTOP NEWS នាយកដ្ឋានកិច្ចការកម្មសិទ្ធបោះពុម្ពផ្សាយបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុនចែកចាយសៀវភៅអន្តរជាតិត្រេឌីងគ្រុបគ្រោង នឹងរៀបចំពិធីផ្សព្វផ្សាយចែករំលែកខ្លឹមសារ ពីសំណាក់អ្នកអានទាំងឡាយនាខែធ្នូខាងមុខនេះ ដើម្បីចែករំលែកចំណេះដឹង និងជាឱកាសស្វែងយល់កាន់តែស៊ីជម្រៅពីខ្លឹមសារសៀវភៅអភិបាលកិច្ចនេះ ព្រមទាំងផ្សារភ្ជាប់ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ កម្ពុជា ចិន អោយកាន់តែជិតស្និទ្ធឡើងថែមទៀត ៕