ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល ផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីការអនុវត្តការងារប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀតជូនដល់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក

–  សូមបេ្តជ្ញាចិត្តក្នុងការកាត់បន្ថយអត្រានៃការឆ្លងជំងឺអេដស៍
–  លើកទឹកចិត្តក្នុងការផ្តល់ការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយការយកចិត្តទុកដាក់
–  ត្រៀមលក្ខណៈបង្កើនការផ្សព្វផ្សាយ និងរំលេចសកម្មភាពថ្មីៗ អំពីការអប់រំសុខភាពពីជំងឺអេដស៍ ក្នុងពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ
–  ផ្សារភ្ជាប់យុទ្ធសាស្រ្តជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
–  សូមប្រែក្លាយការណែនាំ ទៅជាសកម្មភាព។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបែបនេះ នៅក្នុងគ្រាដែរ ឯកឧត្តមអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខ សំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។

ទន្ទឹមនោះដែរ  ឯកឧត្តមសាស្ត្រាចារ្យ បានរំលឹកលើកឡើងថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានដើរតួសំខាន់ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលក្នុងឆ្នាំ ២០២៣ ករណីឆ្លងថ្មីនៃមេរោគអេដស៍ មានប្រមាណជា ៣ ទៅ ៤ នាក់/ថ្ងៃ។ ​ឯកឧត្តមសាស្ត្រាចារ្យ ជម្រុញលើកទឹកចិត្ត ឱ្យមជ្ឈមណ្ឌលជាតិ ពង្រឹងកិច្ចសហប្រតិការជាមួយដៃគូអភិវឌ្ឍ ដើម្បីជម្រុញការ បង្ការទប់ស្កាត់ការឆ្លងថ្មីនៃមេរោគបន្ថែមទៀត ចៀសវាងនូវការការឆ្លងរាលដាលខ្លាំង នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់សង្គម ដូចជា បញ្ហាមរណៈភាព បន្សល់នូវក្មេងកំព្រា ឆ្លងទៅជំនាន់ក្រោយៗ ដែលជាបញ្ហាគម្រាមកំហែងដល់សុខភាពសាធារណៈនៅប្រទេសកម្ពុជាយើង។

តមក ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យការផ្តល់សេវាផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការស្វែងយល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តមេរោគអេដស៍ក្នុងឈាម (រាប់ចំនួនមេរោគ) រយៈពេលនៃការធ្វើការតេស្ត និងបច្ចេកទេសប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំការប្រើប្រាស់ម៉ាស៊ីន ដោយត្រូវចូលរួមថែទាំឱ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស និងមានឯកសារកិច្ចសន្យាឱ្យបានច្បាស់លាស់ ចៀសវាងមានបញ្ហាបច្ចេកទេសណាមួយ ពិបាកស្វែងរកប្រភពព័ត៌មាននិងការទទួលខុសត្រូវ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ
រដ្ឋមន្ត្រី បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវានៅគ្លីនិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្នុងបំណងស្វែងយល់ការបម្រើសេវារបស់មន្រ្តីសុខាភិបាល ទាំងទទួលបដិសណ្ឋាកិច្ច បច្ចេកទេសព្យាបាល និងក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមកទទួលសេវា ដោយត្រូវថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងជាពិសេសសុខភាពផ្លូវចិត្ត ព្រមទាំងអញ្ជើញមកជួប ឬពិគ្រោះទៀងទាត់ជាមួយក្រុមគ្រូពេទ្យតាមពេលវេលាកំណត់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិក ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាលផ្នែកជំនាញ និងបច្ចេកទេស ព្រមទាំងចែករំលែកចំណេះដឹង រវាងគ្នានិងគ្នា ចេះស្រឡាញ់រាប់អានគ្នា សាមគ្គីភាពកាន់តែជាធ្លុងមួយ និងចែករំលែកបទពិសោធន៍គ្នា ដើម្បីបន្តបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារថែមទៀត៕