ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់មន្រ្តីក្រោមឱវាទ «ត្រូវបន្តពង្រឹងការផ្តល់សេវាសង្រ្គោះនៅកន្លែងឱ្យកាន់តែរឹងមាំ និងបង្កើនមធ្យោបាយនៃសេវាបញ្ជូនអ្នកជំងឺឱ្យកាន់តែល្អប្រសើរ ដើម្បីធានាការសង្រ្គោះបានទាន់ពេលវេលា»
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោកស្រី MIYOSHI Asagi ទីប្រឹក្សាអមស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក SUZUKI Mudai តំណាងអង្គការ JICA នៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ចំនួន ១៤គ្រឿង ដែលជាជំនួយឥតសំណងពីមូលនិធិប្រទេសជប៉ុនសម្រាប់វិបុលភាពនិងភាពធន់ (Japan Fund for Prosperous and Resilient: JFPR) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែម ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន១៤ រួមមាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែបស្ទឹងត្រែង កំពង់ធំ កោះកុង ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល និងខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនៃពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃគម្រោង ដែលបានរួមចំណែកជាសារវ័ន្តដល់កិច្ចប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាល រួមទាំងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីត្រៀម និងឆ្លើយតបទាន់ពេល ប្រកបដោយប្រសិទ្ធភាពចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរពីការអនុវត្តអាទិភាពផ្តោតលើ ១. ការកែលម្អគុណភាពសេវា ២. ការលើកកម្ពស់សមត្ថភាពផ្តល់សេវាសង្គ្រោះបឋម សេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់ ៣. ការពង្រីកសេវាជំងឺមិនឆ្លង និង៤. ការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោងនៅមណ្ឌលសុខភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ទូទាំងប្រទេស (តាមរយៈមន្ទីរសុខាភិបាលខេត្តទាំង១៤ ជាប់ព្រំដែន ដែលបានទទួលរថយន្តគិលានសង្រ្គោះនាពេលនេះ) ត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ៖
១. រក្សាភាពបុរេសកម្ម និងសកម្ម នៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លងនិងហានិភ័យសុខភាពសាធារណៈដ៏ទៃ និងធ្វើការឆ្លើយតបទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹងវិធានចត្តាឡីស័កតាមច្រកព្រំដែនអន្តរជាតិ គឺត្រូវត្រៀមការពារ និងទប់ស្កាត់ហេតុការណ៍ហានិភ័យនានាជាមុន
២. បន្តលើកកម្ពស់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពនិងសុវត្ថិភាព គឺត្រូវយកចិត្តទុកដាក់លើសម្ភារបរិក្ខារពេទ្យ ឱសថ និងធនធានមនុស្ស
៣. រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត រវាងគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងប្រជាជនមូលដ្ឋាន គឺត្រូវផ្តល់ភាពផ្សភ្ជាប់រវាងអ្នកជំងឺ/ប្រជាជនតាមរយៈការគោរព និងផ្តល់តម្លៃដែលជាប្រពៃណីដ៏ល្អរបស់កម្ពុជា
៤. យកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំរថយន្តគិលានសង្គ្រោះឱ្យស្ថិតក្នុងស្ថានភាពអាចចេញប្រតិបត្តិការបានគ្រប់ពេល គឺត្រូវបណ្តុះបណ្តាលមន្រ្តី បុគ្គលិកឱ្យល្អ មានឧបករណ៍គ្រប់គ្រាន់អាចប្រើប្រាស់បាន ថែរក្សា ត្រួតពិនិត្យឱ្យបានជាប្រចាំធានាការប្រើប្រាស់បានយូរ បន្ថែមលើនេះក៏ត្រូវត្រៀមលក្ខណៈសមស្របនៅមន្ទីរពេទ្យដើម្បីត្រៀមសង្រ្គោះអ្នកជំងឺឱ្យបានសមស្រប
៥. ពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំសម្ភារៈ ឧបករណ៍ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូនឱ្យបានល្អ ដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែងផង និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល អន្តរាគមន៍សុខភាពសាធារណៈ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួអង្គពាក់ព័ន្ធ ដែលបានសហការ និងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការរៀបចំ និងការអនុវត្តគម្រោងនានា និងបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់មូលនិធិឥតសំណងនៅក្នុងគម្រោងខាងលើ ក៏ដូចជាគម្រោងដ៏ទៃទៀត ដែលបាន និងកំពុងអនុវត្តក្នុងវិស័យសុខាភិបាល នៅក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាលនឹងបន្តលើកកម្ពស់កិច្ចសហការជាមួយ ADB ក្នុងការអនុវត្តគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ និងហិរញ្ញប្បទានបន្ថែម គម្រោងសុខភាពតាមព្រំដែនក្នុងមហាអនុតំបន់មេគង្គ និងគម្រោងគាំទ្រការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាន់នៅកម្ពុជា ដែលកំពុងត្រូវបានកែសម្រួលឱ្យទៅជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម័ន្ធសុខាភិបាល ដែលឆ្លើយតបទៅនឹងសកម្ម ភាពនៃផែនការអាទិភាព៕