ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល ជំរុញថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ខិតខំបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់កុមារកាន់តែប្រសើរ

ឯកឧត្តមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីនិងបុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពសំដៅចូលរួមកាត់បន្ថយអត្រារបស់កុមារកាន់តែប្រសើរឡើង ខណៈបច្ចុប្បន្នកុមារកម្ពុជានៅប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ    ការថ្លែងបែបនេះរបស់ឯកឧត្តមសាស្រ្ដាចារ្យនៅក្នុងឱកាសបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិនៅព្រឹកថ្ងៃទី០៣ មេសា ឆ្នាំ២០២៥នេះ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ទោះបីជាយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធិផលរបស់មន្ទីរពេទ្យយើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏កុមារកម្ពុជាយើងនៅប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ ដូចនេះទាមទារឱ្យយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែងមួយជំហានបន្ថែមទៀតក្នុងនោះត្រូវពង្រឹងនិងពង្រីក ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលំអរ អគារនិងស្ថានភាព បរិស្ថានជុំវិញមន្ទីរ ពេទ្យអោយកាន់តែប្រសើរឡើង។លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់ វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ។ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថែមថាលើសពីនេះទៀតត្រូវពង្រឹងការគ្រប់ គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ អោយកាន់តែទំនើប ឆ្លើយតបទៅតាមបច្ចេកវិទ្យាឌីជីថលសម័យថ្មី។យកចិត្តទុកដាក់អោយបានខ្ពស់លើការគ្រប់គ្រង ក្នុងការផ្តល់សេវា ជូនដល់ប្រជាជន និងកុមារឱ្យកាន់តែប្រសើរឡើង។ពង្រឹងការសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារនិងប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ/សប្តាហ៍។ពង្រឹងលើការលើកកម្ពស់ គុណភាព សុវត្ថិភាព អ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ  ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺនិងពង្រឹងប្រព័ន្ធព័ត៌មាន តាមដាននិងវាយតម្លៃអោយបានជាប្រចាំក្នុងមន្ទីរពេទ្យ។

ជាមួយគ្នានេះដែរ  ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារកសាងសមត្ថភាព និងការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈជាពេទ្យ ព្រោះកត្តាទាំងពីរនេះជាគោលការណ៍សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ជាទីបំផុតក្នុងការលើកកម្ពស់កិត្យានុភាពរបស់មន្ទីរពេទ្យ តាមរយៈការធ្វើបច្ចុប្បន្នភាព សមត្ថភាពអោយបានទៀងទាត់ និងជាប្រចាំនូវវិធីសាស្ត្រ វិទ្យាសាស្ត្រថ្មីៗ តាមរយៈការបណ្តុះបណ្តាលរយៈពេលវែង ឬរយៈពេលខ្លី ឆ្លងតាមការចូលរួមក្នុងសន្និសីទជាតិ និងអន្តរជាតិ។ល។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា« បញ្ហាក្រមសីលធម៌ យើងត្រូវមើលឃើញទាំងអស់គ្នាថាសព្វថ្ងៃនេះ ទោះបីជាយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពទាំងថ្ងៃទាំងយប់ ទាំងថ្ងៃធម្មតា ទាំងថ្ងៃឈប់សម្រាក យ៉ាងណាក៏ដោយក៏យើងតែងទទួលបាននូវពាក្យរិះគន់តិច ឬច្រើនពីសំណាក់ប្រជាជនមកលើសេវាសុខាភិបាលរបស់យើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសតាមរយៈបណ្តាញសង្គមនានា។ល។ ដែលទាមទារអោយយើងទាំងអស់គ្នាចូលរួមលើកកម្ពស់ក្នុងការកែប្រែរាល់កំហុសឆ្គង ឥរិយាបទទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវា   ជូនប្រជាជនយើងនិងដើម្បីធានាថាមន្ទីរពេទ្យយើងបានផ្តល់សេវាជូនប្រជាជន និងកុមារប្រកបដោយគុណភាព   និងសុវត្ថិភាព»។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានលើកឡើងថាតាមរយៈអង្គសន្និបាតនេះនឹងជជែកពិភាក្សាគ្នាក្នុងការស្វែងរកចំណុចល្អៗ ដើម្បីដាក់ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២៥ ឈានឆ្ពោះទៅកែរកការកែលម្អនូវចំណុចខ្វះខាតបាន កើតឡើងនៅក្នុងឆ្នាំ២០២៤ ប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំថាឆ្នាំ២០២៥ ខាងមុខ ពិតជាទទួលបាននូវកំណើនអតិថិជន ថែមទៀតដោយ ប្រើប្រាស់ សេវាមន្ទីរពេទ្យកុមារជាតិបានកាន់តែច្រើនថែមទៀត។

ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីចូលនិវត្តន៍ នៃមន្ទីរពេទ្យកុមារជាតិ សរុបចំនួន ២០៤នាក់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដែលមានស្នាដៃ និងលះបង់ក្នុងការបំពេញការងារកន្លងមក៕