ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ ឡឹម តារា ÷ បានណែនាំអំពីភាពចាំបាច់នៃកិច្ចសហការស្អិតរមួតរវាងវិស័យឯកជន និងសាធារណៈ ក្នុងទិសដៅតែមួយគត់ <<តម្កល់សុវត្ថិភាព-ប្រសិទ្ធភាព-គុណភាព សេវាព្យាបាលថែទាំអ្នកជំងឺ និងអ្នកដែលមានតម្រូវការសេវាសុខភាព>>

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា និងប្រតិភូ ក៏បានជម្រាបជូនទៅភាគីមន្ទីរពហុព្យាបាលអំពីអាទិភាពសុខាភិបាល និងអនុសាសន៍ជាគន្លឺះបន្ថែម របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីភាពចាំបាច់នៃកិច្ចសហការស្អិតរមួតរវាងវិស័យឯកជន និងសាធារណៈ ក្នុងទិសដៅតែមួយគត់ <<តម្កល់សុវត្ថិភាព-ប្រសិទ្ធភាព-គុណភាព សេវាព្យាបាលថែទាំអ្នកជំងឺ និងអ្នកដែលមានតម្រូវការសេវាសុខភាព>>។

 

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់បែបនេះនៅក្នុងឱកាស ដែលឯកឧត្តមបានដឹកនាំក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យមើលការបម្រើសេវាសុខាភិបាលឯកជនរបស់មន្ទីរពហុព្យាបាល អរៀនដា ដែលមានទីតាំងផ្ទះលេខ ៩សេ ផ្លូវ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកសេវាឯកជន កាលពី

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤មុននេះ។

 

នៅគ្រានោះដែរ ខាងភាគីមន្ទីរពេទ្យក៏បានធ្វើបទបង្ហាញដល់ក្រុមការងារជំនាញឯកទេស រួចហើយ ក៏បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាដែលមានក្នុងមន្ទីរពហុព្យាបាល ក្រុមការងារបានលើកពីចំណុចល្អៗដែលកំពុងអនុវត្ត និងធ្វើបាន និងក៏បង្ហាញពីចំណុចដែលត្រូវកែតម្រូវ អោយបានកាន់តែប្រសើរ ក្នុងថេរវេលាជាក់លាក់មួយ៕