ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី÷ ផ្តល់អនុសាសន៍មួយចំនួនដល់មន្រ្តីនៅតាមផ្នែក វះកាត់នៃមន្ទីរពេទ្យកាល់ម៉ែតនីមួយៗបង្កើនប្រសិទ្ធភាពក្នុងទំនើបកម្មការងារបន្ថែមទៀត
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យការផ្តល់សេវានៅតាមផ្នែកមួយចំនួននៃមន្ទីរពេទ្យកាល់ម៉ែត ពិសេសផ្នែកវះកាត់ រួមមាន បន្ទប់ដាក់ថ្នាំសណ្តំ បន្ទប់មុនវះកាត់ បន្ទប់ក្រោយវះកាត់ បន្ទប់វះកាត់ផ្នែកពោះ ផ្នែកតំរង់នោម ផ្នែកបាក់បែកឆ្អឹង វះកាត់ភ្នែក និងបន្ទប់វះកាត់ដោយចោះតាមបំពង់ បន្ទប់អន្តរាគមន៍ឆ្លុះសរសៃ ពីរប្លង់ (angiography biplane) ។ល។ ដែលក្នុងនោះក៏បានផ្តល់អនុសាសន៍មួយចំនួនដល់មន្រ្តីនៅតាមផ្នែកនីមួយៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងទំនើបកម្មការងារបន្ថែមទៀត។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាការលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕