ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី÷ លើកទឹកចិត្តដល់ក្មួយនិស្សិត «ត្រូវមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងមានការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស»

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងគ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាកដឹកនាំ មន្រ្តីរាជការ បុគ្គលិក និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបប្រមាណ ១២០០នាក់  កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤មុននេះ។

ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនលើការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្តល់សេវា និងការទទួលស្គាល់នានាក្នុងកម្រិតជាតិ អន្តរជាតិ ដែលកើតចេញពីការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិត របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទាំងអស់។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងការបង្កើនសមត្ថភាពបន្ថែមទៀត លើការងារបណ្តុះបណ្តាល ដោយត្រូវ៖

-ពង្រឹងគុណភាពឱ្យបានជាប់ជាប្រចាំគ្រប់កម្រិត និងរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ជាពិសេសវគ្គវិក្រិត្យការបុគ្គលិកសុខាភិបាល

-ខិតខំពង្រីកការផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល

-ពង្រឹងសមត្ថភាពគរុកោសល្យ សម្រាប់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ

-មានការយកចិត្តទុកដាក់ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល

-ពង្រឹងបន្ថែមនូវអភិបាលកិច្ច និងបង្កើនការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

-បន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្រប ដើម្បីបម្រើដល់ការបណ្តុះបណ្តាល

-ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីសំដៅជំរុញកៀរគរធនធាន ទាំងបច្ចេកទេស និងការអភិវឌ្ឍឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្រប់ផ្នែកទាំងអស់ សូមបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ ក្នុងការផ្តល់នូវសាស្រ្តាចារ្យ មកបង្រៀន និងចូលរួមកែលំអឧបករណ៍បង្រៀន វាយតម្លៃនិស្សិត ព្រមទាំងការជួយពង្រឹងគុណភាពកម្មសិក្សា ដល់និស្សិត។

ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាដៃគូអភិវឌ្ឍន៍នានាដែលបានធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ខិតខំ បេ្តជ្ញាចិត្តរៀនសូត្រ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ និងប្រទេសជាតិ។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈទីប្រឹក្សាក្រសួងសុខាភិបាលនិងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានធ្វើរបាយការណ៍សង្ខេបបញ្ជាក់ជូនថា÷ គិតត្រឹមខែតុលា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន ៥១ កម្មវិធី ដោយមាននិស្សិតសរុបចំនួន ៧,៩៤៩ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៤,៩៦៦ នាក់។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិត ចំនួន ៧២៧ នាក់ (ស្រីចំនួន ៥០៩ នាក់) បានទទួលអាហារូបករណ៍បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា។ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៦១ នាក់ (ស្រីចំនួន ២១ នាក់) បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២ នាក់បានទទួលអាហារូបករណ៍ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី៕