ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «នារីគឺជាកម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ»

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី ឯកឧត្តមឈាង រ៉ា បានលើកឡើងបន្ថែម ដោយគូសរំលេចអំពីជីវិត ភាពជោគជ័យ ការកសាងគ្រួសារ គ្រប់ដំណើរនៃការវិវត្តន៍ របស់ស្រ្តី ដែលមានបង្កប់ដោយសេចក្តីស្រឡាញ់ ការថែទាំ ទុកដាក់គ្រួសារ ការបម្រើការងារ និងប្រទេសជាតិ បន្ថែមទៅលើ បន្ទុកពពោះ មើលថែកូនចៅក្នុងក្រុមគ្រួសារទៀតផង។ គួររំលឹកផងដែរ ប្រទេសកម្ពុជាបានជាប់ជាប្រទេសគំរូ ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការផ្តល់ការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពស្រ្តី។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងគ្រាដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥មុននេះ។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីរាជការ បុគ្គលិកបម្រើការងារនៅទីស្តីការក្រសួងសុខាភិបាលទាំងអស់។
ក្នុងទិវានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់លោកជំទាវ ឯកឧត្តម លោក លោកស្រី ទាំងអស់ ដែលជានិច្ចកាលតែងតែសហការ និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្រ្តី និងក្មេងស្រីនាពេលកន្លងមក ព្រមទាំងសូមវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ជានារីក្នុងវិស័យសុខាភិបាលទាំងមូល ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការលើកស្ទួយវីស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាព ជូនដល់ប្រជាជន និងខិតខំអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនជាបន្តបន្ទាប់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ជានារី ចំនួន ៤១រូប ដែលមានស្នាដៃក្នុងការបំពេញការងារ និងដើម្បីលើកទឹកចិត្តដល់នារី ឱ្យខិតខំបំពេញការងារបន្ថែមទៀត។
ក្នុងឱកាសនោះដែរ មុននឹងបញ្ចប់កម្មវិធី ក៏មានការច្រៀងរួមគ្នា នូវបទចម្រៀង និពន្ធដោយ មន្រ្តីសុខាភិបាល «សុខាភិបាល ដើម្បីស្នាមញញឹម» ដែលបង្ហាញពីការសហការគ្នា និងសាមគ្គីភាព ស្នាមញញឹមរបស់នារី និងភាពអង់អាចក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ រហូតមន្រ្តីរាជការជានារី ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ស្របទៅនឹងប្រធានបទ«ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»៕
សន៍យ៉ាងដូច្នេះនៅក្នុងគ្រាដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជា