ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីអបអរការដល់និស្សិតជ័យលាភីផ្នែកវេជ្ជសាស្រ្តសញ្ញាប័ត្រ DFMS/DFMSA ត្រៀមទៅសិក្សានៅប្រទេសបារំាង

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅស្ថានទូតបារាំងប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរការដល់និស្សិតជ័យលាភីថ្នាក់វេជ្ជសាស្រ្តសញ្ញាប័ត្រ DFMS/DFMSA ១១៥នាក់ ត្រៀមទៅសិក្សានៅប្រទេសបារំាង ឆ្នាំសិក្សា២០២៤-២០២៥។កិច្ចសហប្រតិបត្តិការកម្ពុជាបារាំង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ជារៀងរាល់ឆ្នាំ និស្សិតចំនួនចន្លោះពី៥០ ទៅ១០០នាក់ ទៅបន្តកម្មសិក្សាជំនាញឯកទេសផ្សេងៗ នៅតាមបណ្តាមន្ទីរពេទ្យនានានៃប្រទេសបារាំង។ ជាសរុបនិស្សិតកម្ពុជា ១១៤៣នាក់ (រាប់បញ្ចូលទាំងនិស្សិត ១១៥នាក់នៃឆ្នាំ២០២៤) បានទៅបំពេញកម្មសិក្សាកម្រិតខ្ពស់នេះចាប់ពីឆ្នាំ១៩៩៦មក។រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បាននិងកំពុងខិតខំលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដោយបានយកចិត្តទុកខ្ពស់លើការពង្រឹងសមត្ថភាពគ្រូពេទ្យ តាមរយៈការបណ្តុះបណ្តាលបន្ត និងអភិវឌ្ឍគុណភាពនៃការថែទាំ សមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការជួយជ្រោមជ្រែងចាំបាច់នានាដល់អ្នកជំងឺ និងក្រុមគ្រួសារ ដែលការថែទាំព្យាបាលផ្តោតលើអ្នកជំងឺ (soins centrés sur le patient)។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ប្អូនៗនិស្សិត ដែលត្រៀមទៅសិក្សានៅប្រទេសបារាំងដូចខាងក្រោម៖១- សូមប្អូនៗថែរក្សាសុខភាព ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយសូមគិតថាសុខភាពរបស់ប្អូនៗ គឺជាមរតកសំខាន់ជាងគេ មិនអាចកាត់ថ្លៃបានឡើយ។២-សូមខិតខំសម្របទៅនឹងបរិស្ថានថ្មី និងវប្បធម៌ថ្មី ដោយចែករំលែកនូវវប្បធម៌កម្ពុជា ប្រកបដោយការគោរព និងសមធម៌។ ៣- រក្សា និងពង្រឹងអាកប្បកិរិយាវិជ្ជមាន និងទម្លាប់ល្អៗរបស់ប្អូនៗ ក្នុងអំឡុងនៃការសិក្សា។ សូមចែករំលែក អ្វីៗទាំងអស់នេះ ជាមួយសហសេវិកប្អូនៗនៅប្រទេសបារំាង។ ប្អូនៗទាំងអស់ដឹងហើយថាជនជាតិខ្មែរត្រូវបានគេស្គាល់ថាជាប្រជាពលរដ្ឋមួយដែលមានភាពរស់រាយរាក់ទាក់ និងស្រលាញ់សន្តិភាព។ ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាទឹកដីនៃភាពញញឹម និងសន្តិភាព។៤- សូមបន្តសិក្សា និងស្រូបចំណេះដឹងថ្មីៗទៅតាមជំនាញដែលប្អូនៗបានជ្រើសរើស ក៏ដូចជានៅក្នុងផ្នែកនានាដែលពាក់ព័ន្ធ។ គ្រូពេទ្យដ៏ល្អមួយរូបក៏ជាអ្នកពូកែប្រាស្រ័យទាក់ទងមួយរូប ជាគ្រូដ៏ល្អ ជាអ្នកបង្ហាញផ្លូវដ៏ល្អ  និងជាអ្នកអមដំណើរដ៏ល្អប្រពៃសម្រាប់អ្នកជំងឺ ក៏ដូចជាសង្គមជាតិទាំងមូល។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង និងជាពិសេសសហសេវិកដែលជានាយកមន្ទីរពេទ្យសាកលវិទ្យាល័យ សាស្រ្តាចារ្យ ប្រធានផ្នែក ដែលទទួលស្វាគមន៍ និងជួយណែនាំនិស្សិតរបស់កម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ និងភាពរីករាយ នៅតាមបណ្តាផ្នែកនានារបស់ពួកគេក្នុងអំឡុងឆ្នាំនានានៃការបណ្តុះបណ្តាល និងសូមជូនពរដល់ប្អូននិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា។