ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបពិភាក្សាការងារជាមួយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

នាព្រឹកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Kenichiro Kashiwase ប្រធានក្រុមបេសកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមទាំងមានការចូលរួមពីលោក Jochen M. Schmittmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅកម្ពុជា, ឡាវ និងវៀតណាម និងសហការីពាក់ព័ន្ធ

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Kenichiro Kashiwase និងសហការីនៅ​កម្ពុជា ក៏ដូចជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ IMF កន្លងមកក្នុងការការពារ​ផល​ប្រយោជន៍ និងការពារជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុអន្តរជាតិ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជារួមនូវស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលរក្សា​បាន​នៅ​ភាពធន់ល្អ នៅ​ចំពោះមុខ​ស្ថានភាព​មិន​ប្រាកដប្រជាខ្ពស់​នៃ​កត្តា​ខាងក្រៅ​ក្ដី ក្នុង​នោះវិស័យខ្លះមានភាពប្រសើរជាងការរំពឹងទុកខណៈវិស័យផ្សេងមួយចំនួនទៀតអាចប្រឈមនឹងការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ

ក្នុងនោះផងដែរ, ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជា, ការផ្លាស់ប្តូរភ្លាមៗតាមរយៈគោលនយោបាយគាំពារនិយម (Protectionism) និងសង្គ្រាមពាណិជ្ជកម្ម ដែលបានលេចកើនឡើងកាន់តែខ្លាំង និងឥតព្រាងទុក ជាពិសេសគោលនយោបាយបដិការពន្ធនាំចូល (ReciprocalTariffs) របស់សហរដ្ឋអាម៉េរិក, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាន និងកំពុងតាមដានបញ្ហានេះជាប្រចាំហើយបានរៀបចំភ្លាមៗនូវក្រុមការងារ ដើម្បីវាយតម្លៃអំពីកម្មវិបាកនៃគោលនយោបាយបដិការពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក ដើម្បីដាក់ចេញវិធានការចាំបាច់ ក្នុងការគ្រប់គ្រងសភាពការណ៍ ធានាស្ថិរភាពពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ ក៏ដូចជាដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ

លើទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបា ក្នុងការបន្តពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយព្រមទាំងកសាងទ្រនាប់ថវិកាឡើងវិញ ជាដើម ជាក់ស្តែង,រាជរដ្ឋាភិបាលទើបបានដាក់ចេញឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា» កាលពីដើមឆ្នាំ ២០២៥ និងកំពុងត្រៀមដាក់ចេញនូវគោលនយោបាយផ្សេងៗទៀតដូចជា «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៤២០២៨» និង «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៦២០២៨» ផងដែរ

លោកប្រធានបេសកកម្ម បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាលើភាពបុរេសកម្ម និងម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងផ្លែផ្កាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមក និងការឈានទៅសម្រេចគោលដៅរយៈពេលវែងខាងមុខ ។ ជាមួយគ្នានេះ, ក្រុមការងារ IMF ក៏នឹងបន្តតាមដាន និងវាយម្លៃស្ថានភាព និងកម្មវិបាកនៃគោលនយោបាយរបស់សហរដ្ឋអាម៉េរិកមកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាត្រៀមផ្តល់អនុសាសន៍និងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យធានាចីរភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ IMF ក៏ប្តេជ្ញាបន្តផ្តល់នូវជំនួយបច្ចេកទេស លើចំណុចអាទិភាពរបស់រារដ្ឋាភិបាលកម្ពុជា ជាពិសេសលទ្ធភាពនៃការអនុវត្ត Policy Coordination Instruments (PCI) ដែលជាគំនិតផ្តួចផ្តើមរបស់ IMFក្នុងការជួយសម្រួល និងពង្រឹងកិច្ចសន្ទនាជាមួយប្រទេសដៃគូ ក្នុងការងារកែទម្រង់នានា និង​កៀរគរប្រភពហិរញ្ញប្បទាន

ជាកិច្ចបញ្ចប់,​ កឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការបន្តផ្តល់កិច្ចសហការលើជំនួយបច្ចេកទេស ដល់កម្ពុជានាពេលកន្លងមក និងនាពេលខាងមុខជាបន្តបន្ទាប់ ព្រមទាំបានថ្លែងអំណរគុណ និងជូនពរ លោក Kenichiro Kashiwase និង ក្រុមការងារ ទទួលបានជោគជ័យជាផ្លែផ្កាក្នុងទស្សនកិច្ចមកកម្ពុជានាពេលនេះ

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot