ឯកឧត្តមអភិសន្តិបណ្ឌិត ចាត់ទុកថា ការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាត់ទុកថា ការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងឪកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេត បទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ន និងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាល ថ្នាក់ក្រោមជាតិ ដែលមានសិក្ខាកាមសរុបចំនួន៤៥៩នាក់ នារី៧៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកថា ការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការវគ្គសិក្សានេះ គឺជាសក្ខីភាពបង្ហាញអំពីការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យ ជឿនលឿនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

 

ក្នុងឪកាសនោះដែរ ឯកឧត្តមនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានរាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្តិត ដោយបានលើកឡើងអំពីសារៈសំខាន់និងលទ្ធផលល្អនៃការសិក្សា គុណភាពនៃការបណ្ដុះបណ្ដាល វឌ្ឍនភាពរបស់បណ្ឌិត្យសភា ព្រមទាំងការចូលរួមចំណែករបស់សប្បុរសជន និងសិក្ខាកាមក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។

 

ជាចុងក្រោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រគល់វិញ្ញាបនបត្រជានិមត្តិរូបជូនដល់សិក្ខាកាមជ័យលាភីចំនួន២៥នាក់ ព្រមទាំងបានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនិងបន្តការងារអភិវឌ្ឍ ស្របតាមស្តង់ដាគុណភាពនិងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើដល់សិក្ខាកាមជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹងនិងជំនាញវិជ្ជាជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាល ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ច្បាស់លាស់៕