ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងរបស់ជាតិ មន្រ្តីនគរបាលទាំងអស់ ទោះបីមានឋានន្តរស័ក្ដិ និងតួនាទីខុសគ្នាបែបណាក៏ដោយ គឺត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់។ ជាពិសេសការសុំច្បាប់ ត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រទេស របស់មន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំទៅកាន់ប្រធានអង្គភាពនគរបាលទាំងអស់ ត្រូវពន្លឿនការផ្សព្វផ្សាយអនុក្រឹត្យនេះ បន្តទៅកាន់មន្រ្តីក្រោមឱវាទ ឱ្យបានយល់ដឹងច្បាស់ និងត្រូវធានាថា អនុក្រឹត្យនេះ នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកអនុក្រឹត្យនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិសេសលើការពង្រឹងគុណភាពធនធានមនុស្ស និងសម្រាប់ក្រសួងមហាផ្ទៃផ្ទាល់ ក្នុងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានរលឹកជាថ្មីទៀត ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ បន្តពង្រឹងវត្តមានបំពេញការងារ អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីធានាផ្ដល់សេវារដ្ឋបាល និងសន្តិសុខ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព។

ក្នុងចំណោមអនុសាសន៍សំខាន់ៗជាច្រើនទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំអគ្គនាយកដ្ឋានធនធានមនុស្ស ពន្លឿនការប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្តីព្រាងប្រកាសស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ឱ្យបានមុនដាច់ឆ្នាំ២០២៤។ ដោយឡែកបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលខ្លឹមសារអនុក្រឹត្យនេះទៅក្នុងកម្មវិធីសិក្សា ឬរៀបចំជាបទបាឋកថា ដើម្បីឱ្យនិស្សិត សិក្ខាកាម  និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ បានយល់ដឹងអំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ។

សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយអនុក្រឹត្យនេះ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។ បើតាមឯកឧត្តមអគ្គនាយក អនុក្រឹត្យនេះ មាន ៨ជំពូក និង ២១មាត្រា មានគោលបំណងកំណត់ឱ្យបានច្បាស់អំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា និងធានានូវនិរន្តរភាពការងារ ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ។

យោងតាមខ្លឹមសារនៃអនុក្រឹត្យនេះ មន្រ្តីនគរបាលជាតិកម្ពុជា ដែលបានតាំងស៊ុបក្នុងក្របខ័ណ្ឌ មានសិទ្ធិទទួលបានច្បាប់ឈប់សម្រាក ចំនួន ១៥ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងមួយឆ្នាំ ដោយអាចស្នើសុំមួយលើក ឬច្រើនលើក ខណៈមន្រ្តីនគរបាលជាតិជាស្រ្តី ត្រូវបានអនុញ្ញាតច្បាប់ឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ។ អនុក្រឹតនេះ ក៏បានចែងអំពីលក្ខខណ្ឌនៃការសុំច្បាប់ឈប់រយៈពេលខ្លី ច្បាប់ឈប់សម្រាកព្យាបាលជំងឺរ៉ាំរ៉ៃ និងច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន។

ក្រៅពីនេះអនុក្រឹត្យ ក៏បានកំណត់អំពីលក្ខខណ្ឌអនុញ្ញាតឱ្យចេញធ្វើការមុនឬក្រោយម៉ោង មិនលើសពី ១ម៉ោង ចំពោះមន្រ្តីនគរបាលជាតិដែលមានជនចាស់ជរា ឬជនមានស្មារតីវិបល្លាស ឬជនមានពិការភាពអចិន្ត្រៃយ៍ក្នុងបន្ទុក មន្រ្តីនគរបាលជាតិជាស្រ្តី ដែលមានផ្ទៃពោះ មានកូនអាយុក្រោម ១ឆ្នាំ មន្រ្តីដែលមានជំងឺរ៉ាំរ៉ៃដែលមានការបញ្ជាក់ពីគ្រូពេទ្យ ដោយមន្រ្តីនោះ ត្រូវមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ព្រមទាំងមន្រ្តីដែលទទួលការបណ្ដុះបណ្ដាលបន្ថែមក្រៅម៉ោងធ្វើការ។ ជាការកត់សម្គាល់ គឺមន្រ្តីនគរបាលជាតិទាំងអស់ ត្រូវតែស្វែងយល់ឱ្យបានច្បាស់លាស់អំពីអនុក្រឹត្យនេះ៕