ឯកឧត្តមអភិសន្តិបណ្ឌិត សរសើរលទ្ធផលការងារអន្តោប្រវេសន៍ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
យ៉ាងហោចណាស់មានលទ្ធផលការងារអន្តោប្រវេសន៍លេចធ្លោចំនួន៣ ត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញការចាប់អារម្មណ៍ និងថ្លែងសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់មន្រ្តីគ្រប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេលជាង១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់អំពីលទ្ធផលការងារទីមួយ ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងរចនាសម្ព័ន្ធ អភិបាលកិច្ច និងបច្ចេកវិទ្យា ខណៈលទ្ធផលការងារទីពីរ គឺការរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០២៤-២០២៨)។
លទ្ធផលលេចធ្លោទីបី ត្រូវបានប្រមុខក្រសួងមហាផ្ទៃ កត់សម្គាល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ ដូចជាការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេតនិងអនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ e-GDI សម្រាប់គ្រប់គ្រងទិន្នន័យមន្រ្តី ការដំណើរការកម្មវិធីសាលកបត្រអេឡិចត្រូនិក Cambodia e-Arrival និងការផ្តល់សេវាអន្តោប្រវេសន៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ពីវេទិកាអធីបតីនៃពិធីសំណេះសំណាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីអន្តោប្រវេសន៍ទាំងអស់ យកចិត្តទុកដាក់ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីដឹងថាតើការងារជាងមួយឆ្នាំកន្លងមកនេះ មានចំណុចខ្វះខាតអ្វីខ្លះ និងមានតម្រូវការអ្វីខ្លះ ព្រមទាំងរួមគ្នារិះរកវិធីសាស្រ្តរឹតបន្តឹងការគ្រប់គ្រងជនបរទេស បន្ថែមលើយន្តការដែលមានស្រាប់ ដោយផ្ដោតលើរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ស្វាយរៀង និងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យពង្រឹងការអនុវត្តកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេសចូលស្នាក់នៅតាមរោងចក្រ សហគ្រាស និងកន្លែងស្នាក់នានា ដូចជាសណ្ឋាគារ និងផ្ទះសំណាក់ជាដើម ព្រមទាំងបានណែនាំឱ្យពង្រឹងការគោរពវិន័យ គោរពការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងនោះដែរ មន្រ្តីជួរមុខតាមបណ្ដាកច្រកទ្វារដែលធាត់ខ្លាំង ឬមានក្បាលពោះធំ ត្រូវសម្រួលភារកិច្ចឱ្យមកធ្វើការនៅការិយាល័យ បើមិនព្រមធ្វើលំហាត់ប្រាណ៕