ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម
នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពង់សោម ស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។បន្ទាប់មកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម។ក្រុងកំពង់សោម ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ២០១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានកាត់យកឃុំ ចំនួន ៥ ពីស្រុកព្រៃនប់ រួមមាន៖ ឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ និងមាន ២៣ភូមិ ផ្ទៃដីសរុបទំហំ ៤២.២៥៦,៤៩ហិកតា មានប្រជាជនសរុបចំនួន ១១.២៧៩គ្រួសារ មនុស្ស ចំនួន ៤៤.១២២នាក់ មានព្រំប្រទល់ខាងជើងជាប់នឹងស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខាងត្បូងជាប់នឹងសមុទ្រ ខាងកើតជាប់នឹងសមុទ្រ និងស្រុកព្រៃនប់ ខាងលិចជាប់នឹងក្រុងព្រះសីហនុ៕