ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារនៅប្រទេសចិន
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៤។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ៕