ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសារប្រឡងជូន បេក្ខជន ៨០៩នាក់ ដើម្បីប្រឡងប្រជែងក្លាយខ្លួនជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក 

នៅសាលាភូមិន្ទរដ្ឋបាល ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាល ខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល បានចាប់ផ្តើម ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងជានិមិត្តរូប នៅរសៀល ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ។ 

តាំងពីព្រឹកមកម្លេះគណៈកម្មការមេប្រយោគ ដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែង រហូតដល់ដំណើរការប្រឡង ក្រុមការងារគ្រប់ផ្នែកនីមួយៗកំពុងបំពេញកិច្ចការយ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ដោយមានការតាមដានមើលពីអ្នកសង្កេតការណ៌មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ 

ដំណើរការប្រឡងប្រព្រឹត្តទៅដែលមានបេក្ខជនដែលមានសិទ្ធិប្រឡងប្រជែង សរុបចំនួន ៨០៩ (ស្រី ៤៧០ នាក់)  ហើយបេក្ខជនដែលត្រូវជ្រើសរើសសរុបចំនួន ៣៦ កន្លែង ក្នុងនោះប្រភេទក្របខណ្ឌ “ក” ចំនួន ១២នាក់ ក្របខណ្ឌ”ខ” ចំនួន ២៤នាក់ ។ ការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ បំពេញអោយត្រូវ រក្សាអោយនៅ ” ។ 

មុខជំនាញដែលត្រូវជ្រើសរើសមាន១១៖ ក្របខណ្ឌ “ក” ១២នាក់ក្នុងនោះ ៖ វេជ្ជបណ្ឌិត (៧ នាក់), ឱសថការី (២ នាក់), ទន្តបណ្ឌិត (១ នាក់), មន្ត្រី ព័ត៌មានវិទ្យា (១នាក់), មន្ត្រីគណនេយ្យ (១ នាក់) ដោយឡែកក្របខណ្ឌ “ខ” ២៤នាក់៖ ទន្តគិលានុបដ្ឋាក (១ នាក់), គិលានុបដ្ឋាក (១៣ នាក់), ឆ្មបមធ្យម (៤ នាក់), អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម (៣ នាក់), អ្នកបច្ចេកទេសវិទ្យុសាស្ត្រ (១ នាក់), មន្ត្រីរដ្ឋបាល (២ នាក់) ។ 

សកម្មភាព និងដំណើរការនៃការប្រឡងប្រជែងក្នុងគោលដៅ ធានាថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅ​ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព។ នេះជាការអនុវត្តអនុលោមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលជាការរៀបចំតាក់តែងវិញ្ញាសា នាពេលព្រឹក ហើយយកទៅប្រឡងនាពេលរសៀល។