ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យរួមជាមួយបទ្ធិបរិស័ទ បានប្រារព្វពិធី ដង្ហែអង្គកឋិនទានសាមគ្គីក្នុងវត្តជ័យទឹកជុំស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ រួមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សមាជិកសមាជិការក្រុមការងារ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និង លោកអាចារ្យ គណ:កម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តើមធ្វើបុណ្យអង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីអារាមវត្តជ័យទឹកជុំ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ក្នុងវត្ត ។ បុណ្យកឋិនទានមហាសាមគ្គី នេះប្រារព្ធធ្វើឡើង រយ:ពេលពីរថ្ងៃគឺថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តជ័យទឹកជុំ។
ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកវិស័យពុទ្ធចក្រនិងអាណាចក្រគឺពឹងផ្អែកទៅលើកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយដែលជាផ្នែកមួយមិនអាចខ្វះបាន ជាក់ស្តែងការជួបជុំប្រារព្ធពិធីដង្ហែអង្គកឋិនទាននៅពេលនេះ និងរាល់សមិទ្ធផលនានាដែលកើតមាននៅក្នុងវត្តបរិវេណវត្តជ័យទឹកជុំ គឺកើតមានបន្ទាប់ពីប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។ឯកឧត្តម កិត្តិសង្កហបណ្ឌិត គន់ គីម បានលើកឡើងថា ក្នុងររបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាពផ្នែកជំនឿ និងសាសនាទាំងអស់ ត្រូវបានលុបបំបាត់ចោលទាំងស្រុង រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលនៅសេសសល់ ពីការកាប់សម្លាប់ពីរបបដ៏យង់ខ្នង ទទួលបានសិទ្ធិរស់រានមានជីវិត ហើយមានសេរីភាព ជំនឿ និងសាសនាឡើងវិញ។ ព្រមជាមួយគ្នានេះ ទីវត្តអារាម និងវិហារ សាសនាផ្សេងៗ ក៏ដូចជាសមិទ្ធផលនានា ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា រួមទាំងថ្នាក់ដឹកនាំកម្ពុជា ដែលបានលះបង់សាច់ប្រុសឈាមស្រស់ បានរំដោះប្រទេសកម្ពុជាចេញពីរបបប្រុសខ្មៅងងឹតប៉ុលពតនិងបានស្តារប្រទេសឡើងវិញពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យគួរទីមោទនៈ និងត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត បាននិងកំពុងដឹកនាំប្រទេស ប្រកបដោយ ភាពឈ្លាសវៃ ស្វាហាប់ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ជាតិ ដោយ ថែរក្សាពួនជ្រុំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តមកិតិ្តសង្កហបណ្ឌិត គន់ គីម ក៏បានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទបន្តចូចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ផងដែរ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ រួមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សមាជិកសមាជិការក្រុមការងារ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និង លោកអាចារ្យ គណ:កម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ បានប្រគេណបច្ច័យសរុប ចំនួន២០លាន៨១ម៉ឺន៣ពាន់៥រយរៀលដល់ព្រះសង្ឃ ទុកកសាងសមិទ្ធិផលនានាក្នុងវត្តជ័យទឹកជុំបន្តផងដែរ៕