ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តរណបុព្វតារាមចំការចេក (ហៅវត្តចំការចេក) ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តរណបុព្វតារាមចំការចេក (ហៅវត្តចំការចេក) ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី រួមជាមួយនឹងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានមកចូលរួមចាប់មគ្គផលក្នុងការកសារព្រះវិហារ សមិទ្ធផលនានា នៅក្នុងវត្តរណបុព្វតារាមចំការចេក (ហៅវត្តចំការចេក) ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជាមួយគ្នានោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានចូលរួមត្រេកអរ អនុមោទនាជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេស បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធ សាសនិក និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ឯកឧត្តម បានបន្តបន្ថែមថា ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង៕