ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស សោតទស្សន៍ និងផ្សព្វផ្សាយ ដើម្បីត្រៀមក្នុងពិធីជួបជុំរវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មាន លើកទី៧

កិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស សោតទស្សន៍ និងផ្សព្វផ្សាយដើម្បីត្រៀមក្នុងពិធីជួបជុំរវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានលើកទី៧ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ក្រោមវត្តមានដឹកនាំកិច្ចប្រជុំ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធ zoom ពីមន្ទីរព័ត៌មាន រាជធានី ខេត្ត ទាំង២៥ ។ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានគូសបញ្ជាក់ថា អ្វីដែលសំខាន់ដែល អនុគណៈកម្មការបច្ចេកទេស សោតទស្សន៍ និងផ្សព្វផ្សាយ ត្រូវរ៉ាប់រង គឺការកសាងវីដេអូឯកសារ ដែលជាសមិទ្ធិផល និងសក្កានុពលរបស់រាជធានី ខេត្ត ទាំង២៥ រយៈពេល១ ឆ្នាំកន្លងមកនេះ ។ ឯកសារវីដេអូដែលសំខាន់មួយទៀតនោះ គឺវីដេអូស្តីពីសកម្មភាពការងាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី រយៈពេល ១ឆ្នាំ គិតចាប់តាំងពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ពេលបច្ចុប្បន្ន ។
កិច្ចប្រជុំនាឱកាសនេះបានធ្វើការពិភាក្សាលើកិច្ចការបច្ចេកទេស និងការផលិត ដោយក្នុងនោះ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានសំណូមពរដល់ក្រុមការងារបច្ចេកទេស ត្រួតពិនិត្យលើគុណភាពរូប គុណភាពសំឡេង និងអក្ខរាវិរុទ្ធ ។ ក្រៅពីកិច្ចការរៀបចំធ្វើការផ្សាយផ្ទាល់ និងបំពងសំលេង ក្នុងពិធីជួបជុំរវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានលើកទី៧ គឺអនុគណៈកម្មការទី២ មានគម្រោងផលិតបែបថ្មីដោយធ្វើការសម្ភាសន៍ជាមួយ ឥស្សរជនដឹកនាំប្រទេស ដែលជាអតីតអ្នកសារព័ត៌មាន ដើម្បីលោកផ្តល់នូវ ដំបូន្មានល្អៗដល់អ្នកសារព័ត៌មានបន្តវេនរបស់យើង ៕