បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្លែងបែបនេះក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) និងវត្តមាននិមន្តចូលរួម និងចូលរួមពី ព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល មន្រី្តរាជការ អាជ្ញាធរដែនដី យុវជន និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា ស្មារតីជ័យជម្នះ ៧ មករា គឺស្ថិតស្ថេរនិងរស់រវើកក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់ ជាស្មារតីនៃសន្តិភាពបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដែលប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានថា មាតុភូមិកម្ពុជាបានឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតបំផុតជាសមុទ្រឈាមនិងទឹកភ្នែករបស់ប្រជាជន។ ជ័យជម្នះ ៧មករា បានវាយរលំរបបប្រល័យពូជសាសន៍បិទទំព័រសករាជដ៏ខ្មៅងងឹត សាហាវយង់ឃ្នងបំផុតដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេចក្តីថ្លៃថ្នូរមនុស្សជាតិរស់ឡើងវិញ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបន្តថា នៅគ្រប់អាណត្តិរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងជាអនុប្រធានគណបក្ស រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិកទាំងអស់បានរួមសាមគ្គីគ្នាបន្តខិតខំយកអស់កម្លាំងកាយចិត្តកសាងនិងអភិវឌ្ឍប្រទេសបានរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវគាំទ្រការកសាងច្បាប់ដែលនឹងកំណត់ថាជនណា ឬក្រុមណាដែលមានគម្រោងការឬឃុបឃិតបង្កើតចលនាប្រឆាំងនិយម បង្កអសន្តិសុខដល់សង្គម បង្កជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលស្របច្បាប់គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីបន្តរួមគ្នាថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនំាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់សូមប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ចំគោលដៅ ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខ និងបានឧបត្ថម្ភជូននិវត្តជន ចំនួន១០០នាក់ សិស្សនិទ្ទេសA ចំនួន ៧៤នាក់និងក្រុមកីឡាករទទួលជ័យលាភីថ្នាក់ជាតិចំនួន៧៦នាក់ សរុបរួមជាថវិកា១៨៧លាន៣៥០ពាន់រៀល។