ឯកឧត្តម ខាន់ ខុន ៖ តម្លៃនៃសន្តិភាព បានបម្រើឧត្តមប្រយោជន៍ជូនប្រជាជនខ្មែរគ្រប់សាសនា គ្រប់ស្រទាប់វណ្ណៈ

តម្លៃនៃសន្តិភាព បានបម្រើឧត្តមប្រយោជន៍ជូនប្រជាជនខ្មែរគ្រប់សាសនា គ្រប់ស្រទាប់វណ្ណៈ ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានគ្រីស្ទបរិស័ទក្នុងសន្តិភាព មានប្រសាសន៍បែបនេះនៅក្នុងឱកាស អញ្ជើញជាតំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគល់នៅអណ្ដូងទឹកស្អាតចំនួន ០៩ ដល់ស្រុកចំនួន៣ នាខេត្តកំពង់ធំ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ នៅទីជនបទ ក្នុងការប្រើប្រាស់ទឹកនៅរដូវប្រាំង និងបម្រើដល់ផលប្រយោជន៍នានា ក្នុងសហគមន៍ ។នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងគ្រីស្ទបរិស័ទ ឯកឧត្តមបាន ថ្លែងថា «ព្រះយេស៊ូវគ្រីស្ទបង្រៀន និងអប់រំ ឱ្យយើងចេះស្រលាញ់អ្នកដទៃ ដូចស្រលាញ់ខ្លួនឯង ព្រោះថាព្រះអង្គស្រលាញ់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ថាជាជាតិសាសន៍អ្វី ឬ សាសនា អ្វីនោះឡើយ គឺទ្រង់បានលះបង់គ្រប់យ៉ាងសម្រាប់មនុស្សទាំងអស់លើពិភពលោក!»។ ដូច្នេះក្នុងនាមយើងជាគ្រិស្តបរិស័ទត្រូវចេះចូលរួម ជួយក្នុងសង្គម និងស្រឡាញ់គ្នាទៅវិញទៅមក «ពីព្រោះយើង គឺជាខ្មែរ ដូចគ្នា ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាមគ្គីភាព» ។ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការផ្ដល់អណ្ដូងនេះ នឹងជួយសម្រាលបន្ទុកមួយចំនួនដើម្បីជួយដល់ការរស់នៅ ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារ ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត ស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ទៅលើ វិធានគន្លឹះសំខាន់៥យ៉ាងគឺ ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ លើកកម្ពស់គុណភាពអបរំ, លើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និង ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធយុត្តិធម៌។ ឯកឧត្តម ខាន់ ខុន បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។ តែមិនមែន មានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង។ជាក់ស្តែងនៅពេលនេះប្រទេសកម្ពុជា មិនមែនមានការអភិវឌ្ឍតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ សូម្បីតែនៅតាមតំបន់ដាច់ស្រយាលក៏មានការអភិវឌ្ឍរីកចំរើននេះដោយសារតែប្រទេសមានសន្តិភាពពេញលេញ។សូមជម្រាបជូនថា សមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការគ្នារបស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ដោយមានការចូលរួមគ្នាបរិច្ចាគ ទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកា និងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើនៅរដូវប្រាំង។ អណ្ដូងស្នប់ទាំងនោះមានទីតាំងដូចខាងក្រោម៖១. ភូមិដូនតុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ២. ភូមិថ្មី ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៣. ភូមិចាន់ល្ហង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៤. ភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ៥. ភូមិអូរកោះគគីរ  ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ៦. ភូមិតាព្រាច ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ៧. ភូមិវាល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៨. ភូមិគោកងួន ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនិង៩. ភូមិក្រសាំងក ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។នាឱកាសនេះ ឯកឧត្តម សូមគោរពអរគុណដល់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលតែងតែលើកទឹកចិត្តដល់ក្រុមការងារ និងបានបញ្ជាក់ពីគោលជំហររបស់សមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព និងបន្តខិតខំប្រឹងប្រែងស្វែងរកមូលនិធិបន្តដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទបន្តទៀត៕