ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ

   បន្ទាប់ពីបានតម្កល់ធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនាអស់រយៈពេល ៣ថ្ងៃនៅគេហដ្ឋាននៃសពរួចមក នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ សព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានក្រុមគ្រួសារ បងប្អូនសាច់ញាតិ រៀបចំធ្វើការដង្ហែយកមកធ្វើពិធីបុណ្យបូជានៅក្នុង បរិវេណ វត្ដ ចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

  ជាការផ្តល់កិត្តិយសដល់គ្រួសារនៃសព និងជាការជូនដំណើរជាលើកចុងក្រោយដែលគ្មានការត្រឡប់វិញជារៀងរហូតនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ ។

  លោក តូច ណារ័ត្ន អគ្គនាយករងវិទ្យុជាតិកម្ពុជា ត្រូវជាកូនបង្កើត ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអាននូវវិយោគថាសង្ខេបពីជីវប្រវត្តិរបស់ ឯកឧត្តម តូច សារ៉េត កើតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៥១ នៅសង្កាត់លេខ ៣ រាជធានីភ្នំពេញ ដោយមានម្តាយ និងឳពុកជាគ្រួសារកសិករ និងលក់នំបញ្ចុកលក់សម្រាប់ចិញ្ចឹមជីវិត ។ នៅពេលធំពេញវ័យ នាសម័យសាធារណរដ្ឋខ្មែរ ក្រោមរបបរដ្ឋប្រហាររបស់ លន់ ណុល កាលពី នោះ យុវជន តូច សារ៉េត ដែលពីមុនឈ្មោះ មុជ សង្ហុន បានសាកល្បងប្រឡូកការងារជាអ្នកសារព័ត៌មាន និងចុះយកព័ត៌មានតាមកងទ័ពក្នុងសមរភូមិសង្គ្រាមមួយចំនួន។ ដោយភាពរហ័សរហួនវ័យឆ្លាត យុវជន មុជ សង្ហុន ត្រូវបាននាយកសាលាជ្រើសរើសជាមេកង កម្មង់ដូរប្រចាំក្រុមកម្មង់ដូរតែម្តង ។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមចូលមក ដល់ យុវជន មុជ សង្ហុន ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេសត្រូវបានទទួលរងនូវការវិនាសព្រាត់ ប្រាស់ ឳពុក ម្តាយ បងប្អូន ។ នៅក្នុងឆ្នាំ ១៩៧៦ យុវជន តូច សារ៉េត ក៏ដូចជាសមមិត្តយុវជន យុវនារីដ៏ទៃទៀតត្រូវបានខ្មែរក្រហមចាប់ផ្សំផ្គុំជាច្រើនគូរក្នុង១លើកៗ ។ ជាភព្វវាសនា សមមិត្ត តូច សារ៉ាត បានជួបរៀបការជាមួយភរិយា ឈ្មោះ កុយ សុក្ខា ។ ក្នុងចំណងជាគូរជាមួយគ្នា យុវជន តូច សារ៉េត ទទួលបានកូនចំនួន ៤នាក់ តែជាអកុសលកូនទី ៤ ឈ្មោះ តូច ណារីទ្ធិ បានទទួលមរណភាពដោយសារជម្ងឺគ្រុនឈាម ក្នុងពេលអាយុទើបតែ ៤ខួប  ក្រោយមកទៀតនៅឆ្នាំ ១៩៩៦ បានបាត់បង់កូនប្រុសម្នាក់ទៀត ដែលនៅពេលនេះសល់តែកូនប្រុសតែ ២នាក់ប៉ុណ្ណោះ ។ ប្រវត្តិការងារ នៅឆ្នាំ១៩៨៤ លោក តូច សារ៉េត ធ្វើជាចៅសង្កាត់ព្រែកតាសេក ។ នៅឆ្នាំ១៩៨៦ បានចូលបំរើការងារជានគរបាល នៅក្រសួងមហាផ្ទៃ បានមួយរយៈ ពេលខ្លី ក៏ប្តូរមកក្រសួងឃោសនាការ និងវប្បធម៍ ។ នៅឆ្នាំ១៩៨៩ ជាប្រធានការិយាល័យកម្មវិធីផ្សាយរបស់វិទ្យុជាតិកម្ពុជា ។ នៅឆ្នាំ១៩៩១ ជាអនុប្រធាននាយកដ្ឋានកម្មវិធី និងពាណិជ្ជកម្មវិទ្យុជាតិកម្ពុជា ។ នៅឆ្នាំ២០០៣ ជាអគ្គនាយករងវិទ្យុជាតិកម្ពុជា ហើយក្រោយមកនៅឆ្នាំ២០០៦ ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក FM ជាតិ៩៦ MHz និងគ្រប់គ្រងវិទ្យុFM ជាតិ រាជធានី ខេត្ត ។ នៅឆ្នាំ២០១៩ បានចូលនិវត្តន៍ ក្នុងបទពិសោធន៍ការងារ ៣៤ឆ្នាំ ហើយនៅឆ្នាំ២០២០ បានឡើងជា រដ្ឋលេខាធិការក្រសួងព័ត៌មាន រហូតមកដល់ពេលបច្ចុប្បន្ននេះ។ 

  នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ កុយ សុក្ខា ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវជាស្វាមីរបស់ លោកជំទាវ ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពគួរអោយសោកស្តាយ និងអាឡោះអាល័យបំផុត ។

   មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតាជាទី គោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ និងគុណធម៌ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំ បណ្តុះបណ្តាលបញ្ញាស្មារតីដល់កូនៗ និងចៅៗឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។ ជាពិសេស ជាការបាត់ បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា និងពេញមួយជីវិតរបស់ ឯកឧត្តម បានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី និងការ លះបង់ពុះពារគ្រប់ឧបសគ្គ ដើម្បីបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។ យើងខ្ញុំសូមចងចាំនូវគុណូបក្ការៈគុណ ដែល ឯកឧត្តម បានចូលរួមចំណែកក្នុងការ កសាងជាតិមាតុភូមិ និងបានផ្តល់នូវដំបូន្មានល្អៗដល់អ្នកបន្តវេន។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន សូមបាន ចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕