ឯកឧត្តម គួច ចំរើន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមលក្ខណៈរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខេត្តកណ្តាល នាពេលខាងមុខនេះ

រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងពិនិត្យមើលវឌ្ឍនភាពការងារក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនៅសាលាខេត្តកណ្តាល ក្រុងតាខ្មៅ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដោយបានពិភាក្សាអំពីលទ្ធផលបូកសរុបការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តន៍បន្ដខែមេសា ឆ្នាំ២០២៥ ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ជម្រាបជូនដល់ស្ថាប័ន មន្ទីរពាក់ព័ន្ធទាំងអស់ក្នុងខេត្ត គប្បីយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងកម្មវិធីកម្សាន្តនានា ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ៕