ឯកឧត្តម ឃឹម វុទ្ធី៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាចាំបាច់ដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាត្រូវយកចិត្តទុកដាក់
ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាចាំបាច់ដែលអគ្គនាយកដ្ឋានត្រូវយកចិត្តទុកដាក់ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងឱកាសនៃការទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Du Zhanyuan ប្រធានក្រុមហ៊ុន China International Communication Group (CiCG) នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម ឃឹម វុទ្ធី បានមានប្រសាសន៍គាំទ្រចំពោះលោកប្រធានក្រុមហ៊ុន CICG ដែលមានបំណងចង់បង្កើតវគ្គបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ពិសេសគឺយុវជន ក្នុងការបង្កើតមាតិកាថ្មីៗ ការផលិតវីដេអូផ្សព្វផ្សាយផ្សេងៗ ដូចជាវិស័យវប្បធម៌ អរិយធម៌ និងសេដ្ឋកិច្ចជាដើម។
ភាគីទាំងពីរក៏បានអបអរសាទរចំពោះទំនាក់ទំនងនៃប្រទេសយើងទាំងពីរកម្ពុជា-ចិន ពិសេសឆ្នាំ២០២៤ នេះជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងនោះយើងក៏ឃើញថា ភាគីទាំងពីរបានជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ រវាងប្រទេសទាំងពីរ ហើយថ្នាក់ដឹកនាំចិន និងកម្ពុជាតែងតែបញ្ជាក់ច្បាស់ៗថា នឹងគាំទ្រគ្នាទៅវិញទៅមក»។
ចំពោះក្នុងក្របខណ្ឌអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុន CICG ឯកឧត្តមអគ្គនាយក ក៏សង្ឃឹមផងដែរថា ភាគីទាំង២នឹងបានបង្កើននូវកិច្ចសហការរវាងគ្នា និងគ្នាក្នុងវិស័យសារព័ត៌មាន ដើម្បីចែករំលែក និងបង្ហាញនូវការអភិវឌ្ឍន៍លើវិស័យវប្បធម៌ អរិយធម៌ និងការរីកចម្រើនលើគ្រប់វិស័យនៃប្រទេសទាំងពីរ៕