ឯកឧត្តម ឃឹម វុទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការ យោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រសួងការពារជាតិចិន 

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញទទួល លោក វរសេនីយ៍ឯកពិសេស WU QIAN នាយក នាយកដ្ឋានព័ត៌មានការិយាល័យកិច្ចសហប្រតិបត្តិ ការយោធាអន្តរជាតិ នៃគណះកម្មាធិការយោធាមជ្ឈិមចិន ដឹកនាំគណៈប្រតិភូ អញ្ជើញមកទស្សនកិច្ចសិក្សា នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃសុក្រ ទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ 

 លោក វរសេនីយ៍ឯកពិសេស WU QIAN នាយក នាយកដ្ឋានព័ត៌មានការិយាល័យកិច្ចសហប្រតិបត្តិ ការយោធាអន្តរជាតិ នៃគណះកម្មាធិការយោធាមជ្ឈិមចិន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា គឺជាគម្រោងជាយូរមកហើយ ក្នុងគោលបំណងដកបទពិសោធន៍ការងារ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដើម្បីស្វែងយល់ វិធីសាស្ត្រល្អៗ អំពីការផ្សព្វផ្សាយ ព័ត៌មានជាតិអន្តរជាតិ នាយុគ្គសម័យថ្មី ពិសេសការទទួលបានជោគជ័យនៅការទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ លោក វរសេនីយ៍ឯកពិសេស WU QIAN និងគណៈប្រតិភូនៃនាយកដ្ឋានព័ត៌មានការិយាល័យកិច្ចសហប្រតិបត្តិ ការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន ព្រមទាំងបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន យោធា និង ស៊ីវិល នៃ ប្រទេសទាំងពីរកម្ពុជា-ចិន ពិសេសលើប្រព័ន្ធផ្សព្វផ្សាយ។ 

ឯកឧត្តម អគ្គនាយក បានជម្រាបជូនដែលថា ក្នុងរយៈពេលថ្មីៗនេះ ទូរទស្សន៍ជាតិកម្ពុជា បានសម្រេចជោគជ័យក្នុងការផ្សាយផ្ទាល់នូវព្រឹត្តការណ៍ជាតិ និងព្រឹត្តការណ៍សំខាន់ៗ ដូចជា ព្រះរាជពិធីបុណ្យយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២០ព្រះវស្សានៃព្រះករុណាព្រះមហាក្សត្រ, ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២, និងពិធីដង្ហែអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិក្នុងរយៈពេលកន្លងមកជាច្រើនទៀត។ 

ឯកឧត្តម ឃឹម វទ្ធី សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក វរសេនីយ៍ឯកពិសេស WU QIAN មកកាន់ទូរទស្សន៍ជាតិកម្ពុជា គឺជាឱកាសន័យការផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំង២ លើប្រព័ន្ធផ្សព្វផ្សាយ ការចែករំលែកការទប់ស្កាត់ព័ត៌មានក្លែងក្លាយឲ្យកាន់តែមានប្រសិទ្ធភាព និងជាការពង្រឹងពង្រីកទំនាក់ទំនងល្អនៃប្រទេសទាំង២កម្ពុជា-ចិន កាន់តែរីកចម្រើនទ្វេរឡើងថែមទៀត ។