ឯកឧត្តម ចាន់សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលជួប ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មការកិច្ចការថវិកា នៃ គណៈអចិន្ត្រៃយ៍ នៃតំណាងសភាប្រជាជនចិនទូទាំងប្រទេស
នៅថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ 2024, ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ចាន់សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួប ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មការកិច្ចការថវិកា នៃ គណៈអចិន្ត្រៃយ៍ នៃតំណាងសភាប្រជាជនចិនទូទាំងប្រទេស។ គណៈកម្មការកិច្ចការថវិកា គឺជាយន្តការមានមុខងារសំខាន់មួយ របស់គណៈអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដើម្បីជួយពិនិត្យលើការរៀបចំច្បាប់ថវិកា និងត្រួតពិនិត្យលើការអនុវត្តថវិកាជាតិ ក៏ដូចជាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
គោលគោលបំណងនៃដំណើរទស្សនកិច្ច មកកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាពេលនេះ គឺដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ និងជាក់ស្ដែង អំពីសមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាប្រព័ន្ធថវិការបស់កម្ពុជា ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ, អំពីដំណើរការនៃការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសហគ្រាសសាធារណៈរបស់រដ្ឋ, ព្រមទាំងអំពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការលើផ្នែកហិរញ្ញប្បទានសហប្រតិបត្តិការ។
ឯកឧត្តម ចាន់ សុធី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានគណៈកម្មការដែលបានចំណាយពេលដ៏មានតម្លៃ និងមមាញឹកបំផុត នៅក្នុងការឆ្លៀតបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកដំបូង ដើម្បីបានឃើញពីស្ថានភាពពិតជាក់ស្តែងរបស់កម្ពុជា, ដែលនេះជាការគូសបញ្ជាក់ ពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់សារៈសំខាន់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសដោយសារ ឯកឧត្តមផ្ទាល់ គឺជាប្រធាននៃអង្គភាពដ៏មានសារៈសំខាន់មួយ នៃសភាតំណាងប្រជាជនចិន ដែលអាចជួយគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
ឯកឧត្តម ស៊ី ហុងឆាយ បានគូសបញ្ជាក់ថា ឯកឧត្តមមានសេចក្តីរីករាយ និងអបអរសារទរ ចំពោះចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលតែងជួយយកអាសារគ្នា គាំទ្រគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តមគូសរំលេចផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា នាពេលនេះ គឺស្ថិតក្នុងបរិការណ៍ដែលមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែរីកចម្រើន និងរឹងមាំឡើងជាលំដាប់ លើគ្រប់វិស័យ ជាពិសេស លើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងហិរញ្ញាប្បទានសហប្រតិបត្តិការ ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ នៅក្នុងយុគសម័យថ្មី។
ឯកឧត្តម ចាន់ សុធី បានអរគុណចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះដំណើរការនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកន្លងមក។ កម្ពុជាបានប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសចិន ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត ប្រកបដោយស្មារតីទទួលខុសត្រូវ, ដែលប្រការនេះបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនធំឡើងជាលំដាប់, បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានប្រឈមទៅនឹងវិបត្តិធំៗ ជាបន្តបន្ទាប់ក្តី។ ឯកឧត្តមគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានគណៈកម្មការកិច្ចការថវិកានាពេលនេះ នឹងជាការពាំនាំដ៏សំខាន់ ជូនទៅដល់ថ្នាក់ដឹកនាំ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស អំពីផ្លែផ្កាគួរជាទីមោទនៈ នៃកិច្ចសហប្រតិត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ឯកឧត្តមប្រធាន ស៊ី ហុងឆាយ បានថ្លែងអំណរគុណចំពោះឯកឧត្តម ចាន់ សុធី និងសហការី ដែលបានចែករំលែកព័ត៌មាន និងបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៃការពិភាក្សា ជាការផ្លាស់ប្ដូរ បទពិសោធន៍ពីគ្នាទៅវិញទៅមក និងដែលបានផ្ដល់ព័ត៌មានជាមូលដ្ឋានសំខាន់ដល់ឯកឧត្តម ជាគុណប្រយោជន៍សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតទៅមុខទៀត។