ឯកឧត្តម ចាយ បូរិន ចាត់តំណាង អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៨
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៨ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា លើកកម្ពស់ និងអភិរក្សប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ស្តារនិងអភិវឌ្ឍន៏ឡើងវិញ រហូតមានការរីកចម្រើន។
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៨ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាអាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២៣០ អង្គ/នាក់ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ឯកឧត្តម ហាក់ ប៊ុនធឿន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីភារកិច្ចនិងក្រមសីលធម៌ អាចារ្យខ្មែរជំនាន់ទី៤៨នាឱកាសនេះ រៀបចំដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ក្រោមការយកចិត្តទុកដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។ ទន្ទឹមនឹងការអភិរក្សរហូតដល់សព្វថ្ងៃ តាមរយៈនេះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏សំនូមពរ ដល់សិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយ និងសូមជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យទៅតាមបែបបទជំនាញរៀងៗខ្លួន។
ក្នុងឱកាសនេះ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយ មើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់នាំណែឲ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ។
សូមជម្រាបជូនថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ជាជំនាន់ទី១ រហូតមកដល់បច្ចុប្បន្នមកដល់ជំនាន់ទី៤៨ហើយ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម ទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។
ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៨ នាឱកាសនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ២០មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗ ៕