ឯកឧត្តម ចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដាន បាហាដ័រ អូលី (Dhan Bahadur Oli) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួប ឯកឧត្តម ដាន បាហាដ័រ អូលី (Dhan Bahadur Oli) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទីទី៧ ខែកុម្ភៈ ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានស្វាគមន៍និងមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ ។
ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿជឿជាក់ថា ទំនាក់ទំនងកម្ពុជា-នេប៉ាល់នឹងកាន់តែរីកចម្រើនថែមទៀតនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ពិសេសបន្តបេសកកម្មពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជម្រុញឱ្យមានក្រុមការងារសម្របសម្រួល រវាង ស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនាកម្ពុជា-នេប៉ាល់ ក្នុងការធ្វើឱ្យសម្រេចបាននូវការ ផ្លាស់ប្តូរគណៈប្រតិភូ ឬការចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិ ការលើវិស័យសាសនា ដោយសហការរៀបចំ ផ្លាស់ប្តូរព្រះពុទ្ធសាសនា និងព្រះពុទ្ធសាសនា តាមបែបទេសចរណ៍ព្រះពុទ្ធសាសនា។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រះពុទ្ធសាសនា ទេសចរណ៍សាសនា ព្រមទាំងបានលើកឡើងផងដែល អំពីគោលបំណងចង់ឲ្យបានហោះហើរត្រង់ ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសនេប៉ាល់ រាជធានី Kathamandu ជាដើម។
ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានស្នើសុំ ឯកឧត្តម រដ្ឋមន្រ្តី លើការងារដូចខាងក្រោម៖
១.ជួយជម្រុញឱ្យមានក្រុមការងារសម្របសម្រួល រវាង ស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនាកម្ពុជា-នេប៉ាល់ ក្នុងការធ្វើឱ្យសម្រេចបាននូវការ ផ្លាស់ប្តូរគណៈប្រតិភូ ឬការចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិ ការលើវិស័យសាសនា។
២.ស្នើសិក្សាពីការជួយគ្នាទៅវិញទៅមក លើការបណ្តុះបណ្តាលធនធានមនុស្សក្នុង ការងារគ្រប់គ្រងសាសនា និងជំនាញផ្សេងៗទៀត ដែលគិតថាភាគីទាំងពីរមានប្រយោជន៍ ដល់គ្នាទៅវិញទៅមក..។ល។
៣.ជួយជម្រុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងមន្ត្រី ជំនាញ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសាសនា។
៤.ជួយជម្រុញបន្ថែមទៀតឱ្យមានការសហការរៀបចំ ផ្លាស់ប្តូរព្រះពុទ្ធសាសនា និងព្រះពុទ្ធសាសនា តាមបែបទេសចរណ៍ព្រះពុទ្ធសាសនា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងនេប៉ាល់ និងកម្ពុជាលើវិស័យសាសនា នឹងបានកញ្ជាក់ថានេប៉ាល់ ក៏មានសកលវិទ្យាល័យព្រះពុទ្ធសាសនា សំរាប់ចែករំលែក និងផ្លាស់ប្តូរដល់អ្នកកាន់ព្រះពុទ្ធសាសនាបានយល់ដឹង។
ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-នេប៉ាល់ កាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតទៅ៕